ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងដំណើរការកំណាយស្រះនៅប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងាររបស់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងដំណើរការកំណាយស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ កំណាយទើប នឹងចាប់ផ្តើម ហើយអ្នកជំនាញពុំទាន់ ប្រមូលទិន្នន័យបានច្រើនពីកំណាយនៅឡើយ ។

ក្រុមអ្នកជំនាញបានចាប់ផ្តើមកំណាយនៅស្រះខាងជើងប្រាសាទអង្គរវត្តចាប់ ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មក ។ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ អ្នកជំនាញមិនទាន់រកលទ្ធផលបានពីរចនាសម្ព័ន្ធស្រះនៅឡើយ ។

អ្នកស្រី នេត សុីមន បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការ ដែលកំពុងធ្វើ​ កំណាយនៅស្រះអង្គរវត្តបានឱ្យដឹងថា ភ្លាមៗនេះក្រុមការងារមិនទាន់បានប្រទះឃើញរចនាសម្ព័ន្ធស្រះនៅឡើយទេ។ អ្នក​ស្រី​បន្ថែមថា តាមគម្រោងក្រុមការងារ របស់អ្នកស្រីនឹងបើករណ្ដៅនៅស្រះខាង​ជើងចំនួន២ទីតាំងគឺនៅផ្នែកខាងលិច និងខាងត្បូង។

អ្នកស្រីបន្ថែមថា “ មូលហេតុដែល យើងធ្វើកំណាយនេះ គឺយើងចង់ដឹងពីការ បង្គរដីនៅទីនេះ ថាតើវាទើបនឹងមាន ឬ មានយូរហើយ មួយទៀតគឺយើងចង់ដឹងពី រចនាសម្ព័ន្ធស្រះទាំងមូល វាខូចខាតអ្វីខ្លះ ដើម្បីពេលយើងជួសជុលទៅឱ្យស្របតាមទម្រង់ដើម “ ។

ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាដែលកំពុងដឹកនាំធ្វើកំណាយនៅស្រះអង្គរវត្តមានចំនួន៤រូប ហើយតាម គម្រោង ពួកគេនឹងប្រើពេលចំនួន២ខែ សម្រាប់គម្រោងមួយនេះ ។ យ៉ាងណា អ្នកស្រី នេត សុីមន បញ្ជាក់ថា គម្រោងនេះ​អាចលើសពីរយៈពេលដែល​បានកំណត់ ឬអាចរួចមុន ទៅតាមភាពជាក់ស្ដែងដែលអ្នកស្រាវជ្រាវបានប្រទះរាល់រចនាសម្ព័ន្ធ របស់ស្រះ។

ដោយសារទីតាំងកំណាយស្ថិតនៅ ទីតាំងដែលភ្ញៀវទេសចរតែងឈរផ្ដិតរូប របស់ពួកគេ ទៅនឹងកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដូច្នេះវាបានទាញ ចំណាប់អារម្មណ៍ច្រើនដល់ពួកគេ ហើយ អ្នកស្រាវជ្រាវនៅទីនោះតែងទទួលបាន សំណួរពីភ្ញៀវទេសចរទាំងនោះផងដែរ។ ដូច្នេះហើយ ទើបមន្រ្តីបច្ចេកទេសនៃការដ្ឋានកំណាយបានស្នើសុំដល់ភ្ញៀវទាំង​អស់យោគយល់ និងយល់ពីការងារដែល​ពួក​​គេ​កំពុង​ធ្វើ ៕ សូរិយា


ចែករំលែក៖