ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្រ្តីឆបោកប្រាក់រាប់សិបម៉ឺនដុល្លារតាមរយៈចេញសែកគ្មានសាច់ប្រាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្រ្តីឆបោកប្រាក់គេ អស់រាប់សិបម៉ឺនដុល្លារដែលរកស៊ីចងការ ប្រាក់ខ្ចីប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ជាច្រើនឆ្នាំកន្លងទៅហើយនោះត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ថា ស្រ្តី សង្ស័យឈ្មោះ ភឿន សុភ័ន អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបន្តថា ស្រ្តីសង្ស័យជា ក្រុមអ្នករកស៊ីរដើរចងការប្រាក់ និងខ្ចីប្រាក់ ដោយសន្យាសងវិញហើយបានចេញសែក ស្អុយ (គ្មានសាច់ប្រាក់) រាប់សិបម៉ឺនដុល្លារ និងនៅសេសសល់បក្ខពួកជាច្រើននាកទៀត រួមទាំងមេខ្លោងធំជាមន្ត្រីសុខាភិបាលនៃ មន្ទីរពេទ្យយោធាឈ្មោះស៊ឹម ផល្លី ផងដែរ។

ស្រ្តីឈ្មោះ ភឿន សុភ័ន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨កន្លង ទៅក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ស្ត្រីរូបនេះនិងបក្ខពួកបានដើរឆបោកប្រាក់ជាច្រើនឆ្នាំមកហើយតាមរយៈខ្ចីលុយបង្វិលក្នុងមុខជំនួញ ប៉ុន្តែគ្រាន់តែជាល្បិចកល ក្នុងការបោកប្រាស់យកប្រាក់ដែលបើតាមការប៉ាន់ស្មានគឺដល់ខ្ទង់លានដុល្លារ ។

បច្ចុប្បន្នស្រ្តីជាប់ចោទត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាម ផ្លូវច្បាប់ និងស្រាវជ្រាវរកចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តទៀត ៕ ហេង នរិន្ទ្រ


ចែករំលែក៖