ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនឧត្តមសេនីយ៍យោធាថៅកែខុនដូដែលដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨បានបន្ដនាំខ្លួនលោកឧត្តមសេនីយ៍ ត្រី ប៉ិច តុងហេង ជាថៅកែខុនដូភីធីអេស រ៉េស៊ីដេនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីពាក់ព័ន្ធ សំណុំរឿងដកកាំភ្លើងខ្លីវាយក្បាលអ្នក រើសអេតចាយ ។

សមត្ថកិច្ចបានឲ្យដឹងថា លោកឧត្តម សេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ដែលវាយកម្មកររើសអេតចាយត្រូវបាន សមត្ថកិច្ចឃាត់ខ្លនកាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា សំណុំរឿង របស់លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជ អាជ្ញារង សៀង សុខ ដែលជាតំណាងអយ្យ ការសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបាននាំខ្លួនលោកឧត្តមសេនីយ៍ត្រីបុិច តុងហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញម្តង រួចហើយ ប៉ុន្តែតុលាការមិនទាន់បានសាក សួរចប់ទើបត្រូវបន្តនៅព្រឹកថ្ងៃទី២៨ ខែ មេសាទៀត ។

គួររំលឹកថា ជនសង្ស័យឧត្តមសេនីយ៍ ត្រី ប៉ិច តុងហេង បានប្រើអំពើហិង្សាដោយ យកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ២១ឆ្នាំ កម្មកររើសអេត ចាយដោយគ្រាន់តែខឹងជនរងគ្រោះមើលមុខរបស់ខ្លួន ។

ករណីហិង្សានោះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅ ក្បែរអគារខុនដូរបស់ជនបង្កដែលមាន ទីតាំង ស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់បឹង កេងកង៣ ខណ្ឌចំការមន ។

នៅមុនពេលកើតហេតុជនសង្ស័យបានជិះរថយន្តម៉ាក Chevrolet Camaro ពាក់ ស្លាកលេខភ្នំពេញ 2AP-8989 ដោយរោទ៍ ម៉ាសុីនខ្លាំងៗទើបជនរងគ្រោះមើលមុខ ជនសង្ស័យដែលនៅក្នុងរថយន្ត។ ពេល ឃើញអ្នករើសអេតចាយមើលមុខបែបនេះ ជនសង្ស័យបានបើករថយន្តត្រលប់មក វិញហើយក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លីមកវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងទៀត ថា សំណុំរឿងនេះជនសង្ស័យឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន៤.០០០ដុល្លារដើម្បីឲ្យជន រងគ្រោះព្រមដកពាក្យបណ្តឹងដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែងជនសង្ស័យដែលមានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅគុក ៕ ហេង សូរិយា


ចែករំលែក៖