ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ ភូមិគំរូ២១ ខ្នង ជូនសហគមន៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញ ជាអធិបតី សម្ពោធ ដាក់ឲ្យប្រើប្រាស់ ភូមិគំរូ ដែលមានផ្ទះ ២១ ខ្នង មានតម្លៃសរុប ១០ម៉ឺនដុល្លារ អាមេរិក ដែលជាអំណោយរបស់ប្រទេសគុយវ៉ែត

នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្ត កំពង់ធំ ភូមិគំរូនេះជាលើកទី១ ខណៈនៅមានភូមិគំរូស្រដៀងគ្នា នៅទីតាំងជាប់គ្នា មួយទៀត ដែលមានផ្ទះចំនួន៤០ខ្នងទៀត ដែលមានទាំងសាលារៀន ១ខ្នង និងវិហារ១ ដែលមានតម្លៃសរុប ៤០ម៉ឺនដុល្លារអាមេរិក កំពុងសាងសង់ នៅលើផ្ទៃដី ១៣០០០ម៉ែត្រក្រឡា គ្រោងនឹងរួចរាល់នាពេលនៅ ខែឧសភានេះ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិគំរូនេះ បានប្រព្រឹតទៅកាលពីថ្ងៃសៅរ៏ ១៤ កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ មេសា ឆ្នាំ២០១៨។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ភូមិគំរូ ដែលមានខ្ទះ២១ខ្នង ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដី ប្រមាណ ៤០០០ម៉ែត្រក្រឡា ហើយផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រសង់អំពីឈើ ផ្ទាល់ដី ចាក់សាបស៊ីម៉ង់ ជាអំណោយរបស់ សប្បុរសជនគុយវ៉ែត តាមរយៈសមាគម សម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែត សហការនឹង សមាគមសប្បុរសធម៍ ដើម្បីអភិវឌ្ឍន៍កម្ពុជា។

លោក អូស្មាន ហាស្សាន់ ក្នុងនាមថ្នាក់ដឹក នាំដែលជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជ្រោមជ្រែង សម្រួលនូវដំណើរ ការប្រព្រឹត្តទៅ រាល់គម្រោងនានារបស់អង្គការ នេះ បានកោតសរសើរដល់ អង្គការដៃគូរទាំង២ និងថ្លែងអំណរគុណដល់តំណាងម្ចាស់ជំនួយជនជាតិគុយវ៉ែត ដែលបានបរិច្ចាកថវិការបស់ខ្លួន ដោះទុក្ខលំបាកដល់គ្រួសារ ទាំង២១ របស់អ្នកឃុំបឹង ដែលទីទ័លក្រ ពិតប្រាកដ ហើយគ្មាន ជំរក និង លំនៅដ្ឋានរស់នៅបានសមរម្យ ។

លោក Eed Mohammed Al Ajmi តំណាងម្ចាស់ជំនួយ ក៏បានកោតសរសើរ សមាគម ដៃគូរក្នុងស្រុក កោតសរសើរថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជរដ្ឋាភិ បាលកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់ការសហការយ៉ាង ល្អប្រសើរជាមួយអង្គការសប្បុរសជនមកពីប្រទេសរបស់លោក និងបានជួយជំរុញ ធ្វើឲ្យគម្រោងមួយនេះ ក៏ដូចជាគម្រោងផ្សេងៗរបស់រដ្ឋាភិបាលគុយវ៉ែត បាននិងកំពុងបោះ ជំហានទៅមុខប្រកបដោយភាពកក់ក្តៅ និង ជោគជ័យធំធេងសម្រាប់ប្រជាជាតិកម្ពុជាទាំង មូល បាន ប្រើប្រាស់ ។

ក្នុងឱកាសនេះដែរ លោក អូស្មាន ហាស្សាន់ ក៏បានប្រកាស តាមរយៈអង្គការដៃគូរទាំង ២ខាង លើ គឺភូមិគំរូ មួយទៀត មានផ្ទះ៤០ខ្នងនៅជាប់គ្នា នេះជាជំនួយសប្បុរសជន មកពីរដ្ឋកាតា នឹងសម្ពោធដាក់អោយប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ យ៉ាងយូចុងខែឧសភានេះ វាជាគោលដៅមួយក្នុងការចូលរួមដោះស្រាយលំនៅដ្ឋានជាបន្តបន្ទាប់ ជូនដល់ជនក្រីក្រី គ្មានផ្ទះសម្បែងរបស់អ្នកឃុំបឹង ដើម្បីទទួលបានកន្លែងរស់នៅ សមរម្យ ផាសុខភាព និងការលើកស្ទួយកម្រិត ជីវភាពឲ្យ កាន់តែប្រសើរឡើង ស្របនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សព្វថ្ងៃ បាននិងកំពុងដោះ ស្រាយរាល់ទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ ការតម្លើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ របស់ កម្មករកម្មការនី និង បុគ្គលិកមន្រ្តីរាជការជាដើម។

លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើឲ្យ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវតែបន្ដគាំទ្រ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនមានតែសម្ដេចទេដែលជាមេដឹកនាំប្រកបដោយការឈ្លាសវៃប្រកបដោយកិតិ្ដបណ្ឌិត ធ្វើឲ្យ ស ង្គមជាតិមានសុខសន្ដិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ។ ដូច្នេះ បងប្អូន គ្រប់រូបបានមើកឃើញនិងភ្នែកច្បាស់ហើយ ទង្វើដ៏ល្អនេះ យើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ ។ ជាក់ផ្ទះគំរូ២១ខ្នងក៏ដោយ សារការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំយើងដែរ ។ សូមបងប្អូន ចូលរួមថែរក្សា និងទទួលនូវអត្ថប្រយោជន៍ ចំពោះសមិទ្ធផល ដែលកើតមានឡើងនេះ ទោះតាម រយៈសប្បុរសជន អង្គការ រឺតាមគោលនយោ បាយ ណាក៏ដោយ គឺសុទ្ធតែរាជរដ្ឋាភិបាលផ្តល់ជូន សូមបងប្អូនគាំទ្រ និងដឹងគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល យើង និង កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨នេះ ដើម្បីសម្រេចជ្រើស រើស មេដឹកនាំរបស់យើង ដែលជានិច្ចកាលនៅ ជាមួយយើង ហើយជាអ្នកដែលបាននិងកំពុងផ្តល់ភាពកក់ក្តៅដល់យើងទាំងអស់គ្នា។

លោក ក៏បានអញ្ជើញប្រគល់អំណោយរបស់សប្បុរសជន ជូនដល់គ្រួសារក្រីក្រ ចាស់ជរា ១៥០គ្រួសារ ក្នុង១ គ្រសារទទួល បានអង្ករ១៥ គីឡូក្រាម ,ស្ករសរ ២គីឡូក្រាម,មី១០កញ្ចប់ ប្រេងឆា១ដប,ក្នុងនោះ ក៏មានកញ្ចប់ថវិកា សម្រាប់ គណៈកម្មាការភូមិ និងឧបត្ថម្ភសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ធំ៣៥នាក់ ក្នុងម្នាក់ ៗ ទទួលបាន ២ម៉ឺនរៀលផងដែរ ៕ សំរិត


ចែករំលែក៖