ក្រោយពីមានការបកស្បែកមុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វចៀមដូចជាអង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រធានអង្គការសមាគមទាំងនេះបានចេញមុខមកបកស្រាយនៅតាមប្រព័ន្ធទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួននៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ល្បិចកលរបស់អង្គការសមាគមទាំងនេះពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជាត្រូវបានបកអាក្រាតជាបន្តបន្ទាប់ហើយប្រជាពលរដ្ឋខ្មែរក៏កាន់តែលែងជឿអ្វីផ្តេសផ្តាសតាមការលាបពណ៌ឱ្យអាជ្ញាធររដ្ឋាភិបាលថាជាតួកំណាចផ្តាច់ការទៀតដែរ។
ពួកគេបានត្រឹមតែយកនូវខ្លឹមសារនៃបេសកកម្មនៅលើតែក្រដាសរបស់ខ្លួនមកបង្ហាញ ប៉ុណ្ណោះថាខ្លួនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ លើកស្ទួយសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រូបភាពទាំងនេះគ្រាន់តែជាការប្រើប្រាស់ធ្វើជាឡប់ឡែដើម្បីបិទបាំងនូវទង្វើទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេបានព្យាយាមបង្ហាញពីសំបកក្រៅរបស់ខ្លួនថាជាជនស្លូតត្រង់ ប៉ុន្តែពួកគេបានព្យាយាមលាក់បាំងនូវអំពើអាក្រក់ស្មោគគ្រោក និងការឃុបឃិតជាមួយជនបរទេសដើម្បីបំផ្លាញជាតិរបស់ខ្លួន។ ពួកគេពិតជារីករាយដែលទទួលបានជំនួយហិរញ្ញវត្ថុដើម្បីធ្វើសកម្មភាពរបស់ខ្លួន ប៉ុន្តែពួកគេបានបម្រើដោយផ្ទាល់និងដោយប្រយោលនូវគោលនយោបាយទុច្ចរិតនិងឧបាយកលរបស់បរទេសមួយចំនួនដែលមិនសប្បាយចិត្តនឹងការរីកចម្រើនរបស់កម្ពុជា មិនសប្បាយចិត្តនឹងឃើញកម្ពុជា មានសុខសន្តិភាពដែលរកបាន ដោយបាតដៃខ្លួនឯងតាមរយៈ នយោបាយឈ្នះ ឈ្នះ និងមិនចង់ឃើញកម្ពុជាមានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍព្រោះអាចធ្វើឱ្យពួកគេបាត់បង់ឥទ្ធិពល ឬអំណាច នៅក្នុងតំបន់។ ដូច្នេះហើយបានជាពួកគេត្រូវប្រើប្រាស់បាតដៃនិងមនុស្សក្នុងក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅក្រោមរូបភាពជួយជំរុញសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីកកូរកកាយ និងបង្កភាពចលាចលក្នុងសង្គមងាយស្រួលពួកគេលូកដៃជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាដែលជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
បរទេសដែលជាម្ចាស់ជំនួយនៃអង្គការសង្គមស៊ីវិលស៊ីឈ្មួលទាំងនេះពិតជាបានដឹងច្បាស់ថាតើគេ ត្រូវប្រើប្រាក់ជំនួយរបស់គេដើម្បីអ្វីឱ្យពិតប្រាកដ ចំណែកសង្គមស៊ីវិលស៊ីឈ្មួលដោយផ្ទាល់ និងដោយប្រយោលបន្តគ្នានេះ ខ្លះបានដឹង និងខ្លះត្រូវចាញ់បោកបរទេសទាំងនោះ ដោយមិនដឹងខ្លួន និងបាននិងកំពុងធ្វើសកម្មភាពប្រឆាំងនឹងជាតិ និងប្រជាជនខ្លួនឯង។ ប្រធានអង្គការសង្គមស៊ីវិលមួយចំនួនបាន ព្យាយាមបិទបាំងនូវទង្វើលក់ខ្លួនបម្រើផលប្រយោជន៍បរទេស និងងប់ងល់នឹងនុយជាប្រាក់របស់បរទេស។ ពួកគេធ្វើសកម្មភាពហាក់ដូចជាចង់ជួយជាតិ ប៉ុន្តែមានទិសដៅផ្សេងគឺបម្រើឱ្យគោលនយោបាយការបរទេសរបស់ប្រទេសម្ចាស់ជំនួយរបស់ពួកគេផ្ទាល់។ ដើម្បីរក្សាបានការងារធ្វើ និងមានចំណូលខ្ពស់ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានព្យាយាមធ្វើរបាយការណ៍មិនពិតអំពីស្ថានភាពនយោបាយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រសិនបើពួកគេសរសើរពីគោលនយោបាយដ៏ត្រឹមត្រូវដែលរាជរដ្ឋាភិបាលបានដាក់ចុះដើម្បីកំណើនការងារ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និយាយពីការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិសេរីភាព សារព័ត៌មាននិងពលរដ្ឋមានភាពរីករាយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងសុខសន្តិភាព ទំនងពួកគេនឹងប្រឈមមុខចំពោះការបាត់បង់នូវចំណូលដ៏ខ្ពស់និងមុខរបបដ៏កាក់កបនេះ ព្រោះថាមានប្រធានអង្គការខ្លះមានទាំងផ្ទះ និងរថយន្តសម្រាប់ជួលឱ្យអង្គការរបស់ខ្លួនថែមទៀត ដើម្បីកុំឱ្យបែកទឹកលុយជំនួយ។ ពួកគេនឹងមិនហ៊ានសរសេររបាយការណ៍ល្អពីកម្ពុជាឡើយព្រោះពួកគេនឹងដាច់អាជីព។ ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺកម្ពុជានៅលើរបាយការណ៍របស់សង្គមស៊ីវិល និងសារព័ត៌មានបរទេសមួយចំនួនជាកម្ពុជាអាក្រក់ ពោរពេញដោយការរំលោភសិទ្ធិមនុស្ស ផ្តាច់ការ គ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានសេរីភាពពេញលេញ។ ប៉ុន្តែកម្ពុជាពិតគឺជាកម្ពុជាដែលពោរពេញដោយសុខសន្តិភាព ការអភិវឌ្ឍប្រជាពលរដ្ឋមានសេចក្តីសុខ និងកំពុងទទួលផលចំណេញពីសន្តិភាព និងរីករាយក្នុងភាពជាម្ចាស់វាសនា របស់ខ្លួនក្នុងនាមជារដ្ឋអធិបតេយ្យ។
អ្វីដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ធមន្ត្រីហ៊ុន សែននិងប្រជាពលរដ្ឋខ្មែរចង់បាន គឺគ្មានអ្វីក្រៅពីការគោរពគ្នាក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាព និងការបម្រើជាតិមួយដោយស្មោះសរ និងដោយការគោរព។ សង្គមស៊ីវិលមួយចំនួនដូចជាអង្គការ ខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិងកំពុងតែធ្វើប្រាសចាកនូវបេសកកម្មរបស់ខ្លួន និងបានលូកដៃយ៉ាងជ្រៅកកូរកកាយបង្កាត់ភ្លើងទំនាស់ និងចិញ្ចឹមទំនាស់នៅកម្ពុជា។ សង្គមស៊ីវិលទាំងនេះបានអនុវត្តយ៉ាងល្អនូវផែនការដែលក្រុមស្ថាបនិកបដិវត្តន៍ពណ៌បានលើកឡើងនៅក្នុងសៀវភៅមគ្គុទ្ទេសក៍បដិវត្តន៍ពណ៌ដើម្បីគោលដៅបម្រើឱ្យការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំតាមបែបមិន ប្រជាធិបតេយ្យដូចដែលចៅហ្វាយនាយបរទេសរបស់ខ្លួនធ្លាប់បានធ្វើនៅតាមបណ្តាប្រទេសមួយចំនួនដូចជាស៊ីរី លីប៊ី ជាដើម ដែលរហូតមកទល់ពេលនេះ លទ្ធផលនៃបដិវត្តន៍ពណ៌របស់ខ្លួនបានបង្កវិនាសសកម្មសម្រាប់មនុស្សជាតិដ៏ច្រើនក្រាសក្រែលមិននឹកស្មានដល់។ អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជាត្រូវបានគេរកឃើញថា គឺបានធ្វើសកម្មភាពបម្រើឱ្យបដិវត្តន៍ពណ៌ដែលមានអតីតគណបក្សសង្គ្រោះជាតិជាអ្នកអនុវត្តជាពិសេសនៅអំឡុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងការបន្តអនុវត្តផែនការជាបន្តបន្ទាប់មកទៀតតាមការបញ្ជានិង ផែនការរបស់ម្ចាស់ជំនួយរបស់ខ្លួនដែលមាននិន្នាការគាំទ្រក្រុមអ្នកនយោបាយប្រឆាំងដោយបំភ្លៃការមិនពិតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ញុះញង់ និងបង្កចលាចលតាមរយៈការញុះញង់ប្រជាពលរដ្ឋ កម្មករ កសិករ បះបោរប្រឆាំងនឹងរដ្ឋអំណាច និងទាមទារសំណងផ្សេងៗ។ ពួកគេមិនព្យាយាមរួមចំណែកជួយដោះស្រាយទំនាស់ដីធ្លី ដីកសិកម្ម និងបញ្ហាបរិស្ថានធនធានធម្មជាតិដោយ សុទ្ធចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវីញគឺគេបែរជាភ័យស្លន់ស្លោពេលដែលអាជ្ញាធរនិងប្រជាពលរដ្ឋស្រុះស្រួលគ្នាក្នុងការដោះស្រាយទំនាស់តាមវិធីសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ព្រោះអាចធ្វើឱ្យពួកគេបាត់ប្រភពហិរញ្ញវត្ថុដើម្បីបន្តនិរន្តរភាពអង្គការសមាគមរបស់ខ្លួនពោលគឺយុទ្ធសាស្ត្ររបស់គេគឺ «បង្កាត់ភ្លើងចាក់សាំងបន្ថែម និងចិញ្ចឹមទំនាស់ »។
ឥឡូវនេះការពិតក៏បានដឹងយ៉ាងច្បាស់ដែរថាតើអង្គការសង្គមស៊ីវិលជាច្រើនពាន់ដែលត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព និងខ្លះទៀតមិនមានសកម្មភាពបង្កើតឡើងក្នុងគោលបំណងអ្វីពិតប្រាកដ។បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយចំនួនដែលជាឆ្កែចចកមកសម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា បម្រើគោលនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ក្រោយពីការពិតត្រូវបានលាតត្រដាង ពលរដ្ឋខ្មែរសង្ឃឹមថាអង្គការសង្គមស៊ីវិលទាំងនោះ ជាពិសេសអង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ។ល។ អាចនឹងកែប្រែនូវឥរិយាបថរបស់ខ្លួន បម្រើជាតិអោយពិតប្រាកដតាមអ្វីដែលខ្លួនបានលើកឡើង និងព្យាយាមការពារខ្លួន ហើយមាត់មិនក្បត់ចិត្តទង្វើពិតជាក់ស្តែងគឺជួយខ្មែរ មិនមែនសម្ងំលាក់ខ្លួនក្នុងអង្គការសង្គមស៊ីវិលបំផ្លាញផលប្រយោជន៍កម្ពុជាឡើយ ជាពិសេសនឹងលះបង់នូវទង្វើទុច្ចរិត ផែនការអាក្រក់ទាំងឡាយដែលពួកគេកំពុងរៀបចំក្នុងការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខព្រោះបើតាមប្រភពស្និទ្ធពីអង្គការសង្គមស៊ីវិលនានា បរទេសម្ចាស់ជំនួយបានទម្លាក់ថវិកាជាច្រើនដើម្បីបំផ្លាញការបោះឆ្នោតនាខែ កក្កដា ចោល ព្រោះពួកគេមិនអាចជួយស្រោចស្រង់អាយ៉ង នយោបាយខ្លួនគឺខ្មោចគណបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញបានឡើយ និងក៏មិនអាចជួយស្តារនីតិសម្បទាអ្នកនយោបាយ ១១៨ នាក់នៃបក្សនេះពីការដកហូតសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំដែលកើតចេញពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ឡើយ។ បើពួកគេនៅតែបន្តបំពាន កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ដែលមានជាធរមានដើម្បីការពារភាពស្របច្បាប់នៃការបោះឆ្នោតការពារសន្តិសុខសណ្តាប់ធ្នាប់ ការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបាន ដោយពិបាកនេះឡើយ៕ ពល ពានរិន្ទ