ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកកៀរនិងកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈជិះលើរ៉ឺម៉កដឹកមាន់ហើយត្រូវបានរថយន្តកូរ៉េបើកមកពីក្រោយកៀរធ្វើឲ្យធ្លាក់មកនឹងថ្នល់រួចកិនថែមទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហេង ង៉ីម ហៅតឿ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិក្បាលត្រាច ឃុំស្រែចាក ស្រុកស្នួល ខេត្តក្រចេះ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កកង់បី ដឹកកេសសម្រាប់ដាក់មាន់ បើកបរដោយបុរសម្នាក់ និងមាន២នាក់ទៀតអង្គុយខាងក្រោយឆ្វេងស្តាំ ដោយធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ មិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយហើយបានកៀររ៉ឺម៉កធ្វើឲ្យវិលមួយជុំហើយអ្នកជិះខាងក្រោយផ្នែកខាងឆ្វេងធ្លាក់មកលើថ្នល់ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមករថយន្តបង្កបានបើកគេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករ៉ឺម៉កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំបងប្អូនយកឯកសារមកផ្ទៀងផ្ទាត់យកទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖