ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ករណីហិង្សាមានស្ថានទម្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទម្នាក់ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច ត្រូវបានគេសង្ស័យជាករណីឃាតកម្ម។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចក្បែសំណង់ទ្វារទឹកដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ស្ថាប័នជំនាញពាក់ព័ន្ធចុះស្រាវជ្រាវក្នុងករណីនេះបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យន់ ឡេវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករសំណង់ការដ្ឋានស្ពានដំណាក់អំពិល (កន្លែងកើតហេតុ) រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ សមត្ថកិច្ចពិនិត្យលើខ្លួនប្រាណសាកសពឃើញមានស្នាមរបួស ដូច្នេះជនរងគ្រោះស្លាប់ដោយធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យលង់ស្លាប់ ក្រោយពេលរងរបួសបន្ទាប់ពីមានទំនាសវាយតប់គ្នានៅក្នុងវង់រាំមង្គលការកូនអ្នកភូមិក្បែរនោះ ។

ប្រភពខាងលើបន្តទៀតថា ហេតុការណ៍សង្ស័យហិង្សាមានស្ថានទម្ងន់នេះ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៦ ខែឆ្នាំដដែល ស្ថិតក្នុងភូមិ ឃុំខាងលើ នេះបើយោងតាមប្រភពនានាជុំវិញកន្លែងហេតុការណ៍ដែលបានកើតឡើងក្រោយស្រាវជ្រាវ ដូច្នេះករណីខាងលើនេះស្ថិតក្នុងការបើកការសើបអង្កេតបន្តនៅឡើយ ៕ ប៉ឹម ពិន


ចែករំលែក៖