ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីបាឡែនបើកបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ និងបន្តបុកបង្គោលភ្លើងកណ្ដាលទ្រូងផ្លូវបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ ហើយរថយន្តបងនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវកណ្ដាលទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនមួយដើម ធ្វើឲ្យរថយន្ដក្រឡាប់ជាច្រើនជុំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2X-4594 ជិះដោយបុរសម្នាក់ ក្រោយពីបង្កហេតុគេចខ្លួនបាត់។ ចំណែកម៉ូតូរងគ្រោះម៉ាកស្មាស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1P-8224 ជិះដោយបុរសពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមដងផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កបើកបរក្នុងល្បឿនលឿនមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យបាក់រៀបស្មើដល់ដីចំណែករថយន្តក្រឡាប់ជាច្រើនជុំតែសំណាក់ម្ចាស់រថយន្តមិនមានរងរបួស។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញចុះវាស់វែងស្ទួចយករថយន្ដបង្ក និងម៉ូតទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖