ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនគេឈ្លោះគ្នាចូលទៅឃាត់ ត្រូវគេកាប់២កាំបិតផ្គាក់របួសធ្ងន់បញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលរត់ទៅជួយឃាត់បុរសស្ត្រី២នាក់បងប្អូនកំពុងតែទាស់ពាក្យសម្តីគ្នា ហើយទាញកាំបិតកាប់មកលើបុរសអ្នកជិតខាងចូលទៅឃាត់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកបាននិយាយឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះឆុំ ញ៉ាត អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្នុងភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បុរសជាជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនោះបុរសស្ត្រី២នាក់ បងប្អូននោះបានឈ្លោះប្រកែក និង ប្រតាយប្រតប់គ្នា ជាមួយដែលបងស្រីនោះមានឈ្មោះ នៅ សុគន្ធថេន អាយុ៣៦ឆ្នាំ ត្រូវជាបងបង្កើតបានឈ្លោះប្រកែក និងប្រតាយប្រតប់ជាមួយប្អូនប្រុសឈ្មោះនៅ ណារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺប៉ុន្តែផ្ទះខុសគ្នា ។

បុរសរងគ្រោះបានបន្តទៀតថា ពេលដែលឈ្លោះប្រកែកទាស់តេងគ្នានោះ បងស្រីឈ្មោះនៅ សុគន្ធថេន បានទៅទាញយកកាំបិតផ្គាក់របស់ជនរងគ្រោះចេញពីផ្ទះរបស់គាត់ ទើបគាត់ទៅដណ្តើម និងឃាត់កុំឲ្យកាប់គ្នា ស្រាប់តែស្ត្រីខាងលើដោយមានកំហឹងជាមួយប្អូនប្រុសផងនោះ បានកាប់មកលើបុរសរងគ្រោះ១កាំបិតចំកដៃខាងឆ្វេង និង១កាំបិតទៀចំក្លៀកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរលោកគ្រូពេទ្យដឹររហូតដល់ទៅ៣ជាន់អែណ្ណោះ ។

ក្រោយបង្កហេតុកាប់បុរសខាងឲ្យរងរបួសសន្លប់ស្តូកស្តឹងហើយ ស្ត្រីបង្កហេតុខាងលើបានរត់គេចខ្លួនបាត់ស្រមោល ពេលឃើញដូចនោះសាច់ញាតិបានដឹកបុរសរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗផងដែរ ។ បន្ទាប់មកសាច់ញាតិក៏បានដាក់ពាក្យបណ្តឹងទៅលើស្ត្រីដែលជាជនដៃដល់កំពុងតែរត់គេចខ្លួននោះ ឲ្យកម្លាំងសមត្ថកិច្ចស្រុកសំរោងទង និងខេត្តកំពង់ស្ពឺស្រាវជ្រាវស្វែងរកចាប់ខ្លួនស្ត្រីជាជនដៃដល់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ សេនាសក្តិ


ចែករំលែក៖