ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តរតនគិរីរឹបអូសយកឈើខុសច្បាប់នៅក្នុងស្រុកលំផាត់បានឈើ២១៧កំណាត់

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែ មេសានេះ បានចេញធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង នៅក្នុងស្រុក លំផាត់ ខេត្តរតនគិរី ដោយរឹបអូសបាន ឈើខុសច្បាប់ជាច្រើនកំណាត់។

យោងតាមមន្ត្រីនគរបាលរដ្ឋបាលឃ្មុំសមុទ្រសេដា បានឲ្យដឹងថា នាវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសមុទ្រសេដា និងកម្លាំងនគរបាលអធិការស្រុកលំផាត់ បានសហការជាមួយកម្លាំងមន្ត្រីបរិស្ថាន និងមន្ត្រីកងអាវុធហត្ថស្រុក ដែលដឹកនាំ​ដោយលោក នូ ថេរ អភិបាលនៃគណ:អភិ​បាលស្រុកលំផាត់ បានឆ្មក់ចូលទីតាំង លាក់ទុកឈើខុសច្បាប់ ប្រភេទសុក្រំមួយ កន្លែង ស្ថិតនៅក្នុងភូមិសមុទ្រក្រោម ដោយរឹប អូសបានឈើសរុបមានចំនួន ២១៧កំណាត់។

ប្រភពពីសមត្ថកិច្ចសម្រុះបានឲ្យដឹងថា ឈើខុសច្បាប់ត្រូវរឹបអូសយកនេះ គេ សង្ស័យជាឈើរបស់ឈ្មួញឈ្មោះ ច្រឹប និងប្តីឈ្មោះ ផុន ជាមេប៉ុស្តិ៍ច្រករបៀងខ្លាធំ ដែលកាប់យកចេញពីតំបន់ដែនជម្រក សត្វព្រៃស្រុកលំផាត់ ដើម្បីត្រៀមដឹកឆ្លង ដែនទៅលក់ឲ្យឈ្មួញវៀតណាម។

ការសម្រេចចិត្តចេញបង្ក្រាបបទល្មើសព្រៃឈើនេះ កើតឡើងបន្ទាប់ពីលោកឧត្តម សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃ ទី២៨ ខែមេសា បានអះអាងថា កម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើខុស ច្បាប់នៅក្នុងខេត្តរតនគិរី ដែលនាំឲ្យខូចផ្លូវ ជាតិ៧៨យ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យ ដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា រថយន្តដឹកឈើខុសច្បាប់ចំនួន១៧គ្រឿង របស់ឈ្មួញឈើខុសច្បាប់បានដឹកឆ្លង ចូលទឹកដីវៀតណាម តាមច្រកព្រំដែន អន្តរជាតិ អូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានឈ្មោះ ហូវ ជឺវ៉ៃ ចេញមុខការពារសកម្មភាពខុសច្បាប់ របស់ខ្លួន។

លោកអ្នកនាំពាក្យមានប្រសាសន៍ថា មិនមានឈើស្របច្បាប់ឯណាត្រូវចេញ ទេ បើមានគឺជាឈើខុសច្បាប់។ ខ្ញុំនឹង រាយការណ៍ជូនថ្នាក់លើ ដើម្បីចាត់វិធាន ការទប់ស្កាត់ ។

កាលពីថ្ងៃទី២៧ ខែមេសា ក្រុមឈ្មួញ បានដឹកឈើចេញទាំងថ្ងៃ រហូតមកដល់ ពេលព្រឹកត្រឹមម៉ោង៥ភ្លឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានរថយន្តយីឌុប ដឹកឈើ ទាំងអស់ចំនួន១៨គ្រឿង ដែលបានឆ្លងដែន ចូលក្នុងទឹកដីវៀតណាមរួចទៅហើយ។

ប្រជាពលរដ្ឋបានបង្ហាញពីសកម្មភាពកំពុងដឹកជញ្ជូនឈើ នាវេលាម៉ោង១១ព្រឹក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេក្បែរភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ដោយមានរថ យន្តយីឌុបធុនវ៉េអង ភ្លៅ៦ចំនួន១៣គ្រឿង កំពុងលើកដាក់រួចហើយត្រៀមចេញ ដំណើរនៅពេលល្ងាច និងពេលយប់ ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិអូរ យ៉ាដាវ។

ចំណែកកាលពីរសៀលថ្ងៃទី២៦ ខែ មេសាវិញ សកម្មភាពលើកដាក់ឈើប្រណីតខុសច្បាប់លើរថយន្តយីឌុបចំនួន១០ គ្រឿង នៅតាមមាត់ទន្លេសេសាន ក្នុងភូមិ សាស្រ្តភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្ត រតនគិរី រួចហើយចេញដំណើរកាត់ទីរួម ខេត្ត ប៉ុន្តែមិនមានសមត្ថកិច្ចណាមួយចាត់ វិធានការឡើយ។

តាមប្រភពព័ត៌មានពីក្រុមឈ្មួញអ្នករកស៊ីឈើផ្សេងទៀតបានឲ្យដឹងថា គឺរថយន្តយីឌុបភ្លៅ៦ទាំង១០គ្រឿងនេះ គឺក្នុងមួយគ្រឿងអាចដឹកទម្ងន់ពី៩០ទៅ១០០តោន បើពុំនោះមិនអាចរត់ការថ្លៃបង់សមត្ថកិច្ចគ្រប់ទេ ព្រោះមួយរថយន្តរត់ការបង់សមត្ថកិច្ចពីថ្នាក់ធំរហូតថ្នាក់ក្រោមពី២២.០០០ ដុល្លារទៅ២៣.០០០ដុល្លារ ។

ប្រភពបន្តថា ផ្លូវថ្នល់រដ្ឋាភិបាលខំធ្វើ គឺអន្តរាយអស់ហើយ បើរថយន្ត១គ្រឿង ទម្ងន់១០០តោននោះ ធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើនស្តាយស្រណោះ ផ្លូវ និងអាណិតប្រមុខដឹកនាំរដ្ឋាភិបាល ដែលខំកសាង និងអភិវឌ្ឍជាតិឲ្យមានការ រីកចម្រើនដូចសព្វថ្ងៃនេះ ។ ប៉ុន្តែបែរជា មន្រ្តីអាជ្ញាធរនៅមូលដ្ឋានមួយចំនួនឃុបឃិតគ្នាធ្វើអំពើខុសច្បាប់ រួមគំនិតវគ្នាបំផ្លិច​បំផ្លាញធនធានធម្មជាតិ ផ្ទុយទៅនឹងបទ បញ្ជារបស់រាជរដ្ឋាភិបាល។

ប្រភពជាច្រើនបានឲ្យដឹងថា ឈើទាំង នេះសុទ្ធតែគេអារកាប់យកពីដែនឧទ្យានជាតិ និងដែនជម្រកសត្វទាំងអស់។

ប្រភពព័ត៌មានមួយទៀតបានបន្ថែមទៀតថា ចាប់តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ គឺនៅមុនចូលឆ្នាំខ្មែរ រថយន្ត ប្រភេទយីឌុបរបស់ឈ្មួញទុច្ចរិតនេះ បាន ដឹកឈើចេញ និងឆ្លងកាត់ខេត្តរតនគិរី ឆ្ពោះទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សរុបយ៉ាង ហោចណាស់ចំនួន២៤៦គ្រឿង។

ចំណែកក្រោយពីពេលចូលឆ្នាំខ្មែររួច គឺចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមឈ្មួញដដែលនេះ បានដំណើរការបន្ត ហើយក្នុងយប់ថ្ងៃទី២៦ ខែមេសានេះគឺដឹក ចេញពីស្រុលវ៉ឺនសៃជាង១០រថយន្តយីឌុបទៀត ដោយឆ្លងកាត់ទីរួមខេត្តរតនគិរី ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ ។

គេមិនដឹងថា តើអាជ្ញាធរខេត្តរតនគិរីក្រោមអំណាចដឹកនាំរបស់លោក ថង សាវុន គិតយ៉ាងណាទេរឿងឈើនេះ? ៕ ហេង នរិន្ទ្រ


ចែករំលែក៖