ខេត្តឧត្តរមានជ័យ ៖ សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ លោក គន់ គីម បានក្រើន រំលឹកដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ត្រូវប្រឹងប្រែងកែលំអចំណុចអសកម្ម និង ត្រូវបង្កើនសកម្មភាពបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។
ការក្រើនរំលឹករបស់លោក គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណបក្សខេត្តឧត្តរមានជ័យប្រចាំខែមេសា និងលើកទិសដៅសម្រាប់ខែឧសភាខាង មុខ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅ មន្ទីរបក្សខេត្តឧត្តរមានជ័យ។
លោក គន់ គីម បានក្រើនរំលឹកសមាជិករបស់ខ្លួនថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលតម្កល់នូវ ប្រយោជន៍ជាតិ និងប្រជាជនជាធំ ដូច្នេះការងារបម្រើជាតិ និងប្រជាជន គឺជា អាទិភាព ចម្បងបំផុត ដែលត្រូវបង្កើន សកម្មភាពឲ្យបាន ខ្លាំងក្លា។
សមាជិកបក្សគ្រប់ថ្នាក់ត្រូវចុះទៅមូល ដ្ឋានឲ្យបានជាប់ជាប្រចាំទៅឲ្យដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ ជួយដោះស្រាយរាល់ការ លំបាករបស់ប្រជាពលរដ្ឋ និងខិតខំកែលម្អ រាល់ភាពអសកម្មរបស់យើង។ បន្តពង្រឹង សមាជិកបក្សទាំងបរិមាណ និងគុណភាព ដើម្បីធានាបានភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាខាងមុខនេះ ។ នេះជាការបញ្ជាក់របស់លោក គន់ គីម នៅចំពោះមុខសមាជិកបក្ស។
បើទោះបីជាយ៉ាងណា លោក គន់ គីម ក៏បានសរសើរ និងលើកទឹកចិត្តដល់សមា ជិកទាំងអស់ ដែលបានប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តនាពេលកន្លងមកក្នុងការ បម្រើការងារជូនជាតិ និងប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក គន់ គីម បានរំលឹកថា សកម្មភាពទាំងអស់នេះមិន ត្រូវថមថយ ដែលនាំឲ្យប្រជាជនខកចិត្ត នោះឡើយ ៕ ហេង សូរិយា