ខេត្តព្រៃវែង៖ ព្រះគ្រូធម្មបាលោ បៃសំអ៊ន់ គង់នៅវត្តមហាមន្រ្តី លោក គួច ណាវ នាយកប្រតិបតិ្ត មជ្ឈមណ្ឌលនាឡិកាស្វុីសនិងជបុ៉នលោកឧកញ៉ា មុិល សារឿន និងលោកស្រីមាស ណារី លោក ប៉េង សេង លោកសេង ឧត្តមកេស្យានិងភរិយារួមជាមួយសប្បុរសជនជាច្រើនទៀត និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្តមកពីជិតឆ្ងាយតាមខេត្តស្រុក នានានិងព្រះសង្ឃកាន់រោងទិសតាមកន្លែងនីមួយៗជាច្រើនអង្គទៀតព្រមទាំងសិស្សា-នុសិស្សអាជ្ញាធរភូមិ-ឃុំ-ស្រុកបានមូលមតិគ្នារៀបចំធើ្វបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងព្រះវិហារថ្មីដែលមានរយៈ ពេលពីយប់បីថ្ងៃកាលពីថ្ងៃទី១៣-១៤ និង១៥កើត ខែពិសាខ (ពិសាខបូជា) ត្រូវនឹងថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី២៧-២៨-២៩ ខែមេសា ឆ្នាំ២០១៨ ក្រោមវត្តមាន អញ្ជើញចូលរួមជាអធិបតីពីលោកម៉េង សាវុធ អនុរដ្ឋលេខាធិការក្រសួងរ៉ែនិង ថាមពលនិងលោកស្រីជាភរិយា ។
លោកយឹម យូគង់ អភិបាលស្រុកសុីធរកណ្ដាល បានបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាដែលមានក្រសួងធម្មការ និងសាសនាបានធើ្វឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
ជាក់ស្ដែងដូចជានៅក្នុងឃុំអំពិលក្រៅមានវត្តចំនួន៥ក្នុងនោះមានវត្តឧត្តមពោធិ៍និស្ស័យផងដែរ ដែលកាលពីដើមឡើយវត្តនេះគឺជាទីទួលខ្ពស់មួយមានដើមពោធិ៍មួយដើមដ៏ធំស្កឹមស្កៃបែកមែកសាខាតែបុ៉ណ្ណោះ បុ៉ន្តែក្រោយមកចាប់ពីឆ្នាំ១៩៩៩ អាជ្ញាធរភូមិមើលឃើញថាចំនួនប្រជាពលរដ្ឋកាន់តែកើនឡើងទើបអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងភូមិទាំងមូលបានឯកភាពគ្នាកសាងវត្តនេះឡើងដោយដាក់ឈ្មោះថា (ឧត្តមពោធិ៍ និស្ស័យ) រហូតមកដល់សព្វថ្ងៃនេះ ។ លោកអភិបាលស្រុកបន្តទៀតថា ស្រុកសុីធរកណ្ដាលមានវត្តចំនួន៥២វត្តមានព្រះសង្ឈចំនួន២៥៦អង្គក្នុងនោះមានភិក្ខុ១០៦ អង្គ និងសាមណេ១៥០អង្គ មានសាលាសំណាក់ ប្រាសាទព្រៃដើមស្រុកមួយសេនាសនៈ២និងអាស្រមមួយកន្លែង ។
លោកសុខ កុសល ប្រធានការិយាល័យធម្មការនិងស្រុកសុីធរកណ្ដាលបានឲ្យដឹងទៀតថា ព្រះវិហារថ្មីនេះមានកម្ពស់៩,៨ម៉ែត្រ ទទឹង១២ម៉ែត្រ និងបណ្ដោយ២៤ម៉ែត្រ ដោយចំណាយថវិកាអស់ចំនួន២១មុឺន៥ពាន់ ៦រយ ៣០សិបមួយដុល្លារ ។ ក្នុងនោះនៅជំពាក់ថ្លៃសម្ភារនិងជាងសរុប ៣៦.២៧៥ដុល្លារទៀត ។ អាស្រ័យហេតុនេះបានជាគណៈកម្មការអាចារ្យសូមអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានអញ្ជើញមកចូលរួមក្នុងពិធី បណ្យបញ្ចុះខណ្ឌសីមានេះមេត្តាជួយចាប់មគ្គ ផលជាបច័្ចយដើម្បីបានយកទៅដោះស្រាយសងគេនិងកសាងសមិទ្ធផលនានាក្នុងវត្តបន្តទៀត រួមមានខ្លោងទ្វារ ដែលកំពុងសាងសង់មានតម្លៃ១៦.០០០ដុល្លារ ផងដែរ ។
ក្នុងឱកាសនោះលោកម៉េង សាវុធ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ថា ការកើតឡើងនូវសមិទ្ធផលនានាក្នុងទីអារាមវត្តឧត្តមពោធិ៍និស្ស័យនេះគឺផ្ដើមចេញពីស្មារតីសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋចំណុះជើងវត្តនិងសប្បុ រសជនក្នុងស្រុកនិងក្រៅប្រទេសដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗបានគោរពប្រតិបត្តិ ព្រោះទីអារាមនេះគឺជាទីកន្លែងសិក្សាអប់រំសំខាន់មានទាំងប្រពៃណី វប្បធម៌និងទំនៀមទម្លាប់ផ្សេងៗទៀត ។លោកបញ្ជាក់ទៀតថា ការដែលព្រះចៅអធិការ អាចារ្យ គណៈកម្មការរៀបចំបុណ្យ បញ្ចុះខណ្ឌសីមា និងបុណ្យឆ្លងព្រះវិហារ មួយនេះឡើងត្រូវនឹងថ្ងៃបុណ្យពិសាខបូជាដែលជាបុណ្យមួយធំមានអត្ថន័យជ្រាលជ្រៅនៅក្នុងព្រះពុទ្ធសាសនានៃយើង ពិពោះពិសាខបូជានេះគឺបានកំណត់នូវអត្ត ន័យ៣ដ៏សំខាន់ នៃព្រះពុទ្ធជាម្ចាស់ បរមគ្រូនៃយើងគឺកំណត់នៅថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ត្រាស់ដឹងនូវសម្មា សម្ពោធិញ្ញាណ ដែលផ្ដោតទៅព្រះពុទ្ធ សាសនាយើងសព្វថ្ងៃនេះមាន៨៤.០០០ព្រះធម្មក្ខន្ធដែលលោកបានរៀបចំទេសនាក្នុងអំឡុងពេលដែលទ្រង់ត្រាស់ដឹងរហូតដល់ទ្រង់យាងចូលបរិព្រះនិពា្វននិង ទី៣ទ្រង់បានចូលទៅព្រះបរមនិពា្វន ដែលទ្រង់មិនអាចចាប់ជាតិបានវិញទេ ។ ព្រះអង្គបានសម្តែងចេញនៅពេលដែលទ្រង់ប្រសូតមកម្លេ៉ះ ហើយមានព្រះបន្ទូលថា ជាតិនេះជាជាតិចុងក្រោយរបស់តថា គតហើយ ។ ដូចនេះការដែលយើងប្រារព្ធថៃ្ងនេះចំថៃ្ងដែលព្រះប្រសូតក៏ដូចជាព្រះវិហារយើងធ្វើបុណ្យបណ្ចុះខណ្ឌសីមានា ពេលនេះហើយដាក់សម្ពោធឲ្យប្រើប្រាស់ផងដែរ ។ ទាំងអស់នេះមិនមែនជារឿងចៃដន្យនោះទេតែដោយសារប្រទេសជាតិមានសន្តិភាព ដូច្នេះយើងរួមគ្នាថែរក្សាការពារ មិនឲ្យជនណាបំផ្លិចបំផ្លាញបានឡើយ ។ បន្ទាប់ពីរាប់បាត្ររួចមកគណៈអធិបតីបាន បំពាក់គ្រឿងឥស្សរិយរយសថ្នាក់មហាសេរី វឌ្ឍន៍ប្រគេនដល់ព្រះគ្រូធម្មបាលោ បៃសំអ៊ន់ ថ្នាក់មហាសេនាជូនដល់លោកឧកញ៉ា មិុល សារឿន និងមេដាយចំនួន១៤ គ្រឿងទៀតជូនដល់សប្បុរសជននានា ដែលមានស្នាដៃក្នុងការកសាងសមទ្ធិផលនានាក្នុងទីអារាមវត្តឧត្តមពោធិ៍និស្ស័យ (ហៅវត្តក្បាលបឹង) ។ បន្ទាប់ មកគណៈអធិបតី និងសប្បុរសជនទាំង អស់បានចែកអំណោយដល់តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស កងកម្លាំងការពារ រួមមាន ក្រម៉ា សារុ៉ង សាបូដុះមុខ ក្រណាត់បាក់ សៀវភៅ ប៊ិច និងថវិកាមួយចំនួន ។
គួរបញ្ជាក់ដែរថា បច្ច័យដែលប្រមូលបាន ពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកស្រី និងសប្បុរសជនានា ក្នុងឱកាស នោះមានចំនួនជិត២០លានរៀលសម្រាប់ កសាងក្នុងទីអារ៉ាមនេះបន្តទៀត ៕ សោភា