ព័ត៌មានទាន់ហេតុការណ៍៖

ដីកាបង្គាប់ឲ្យដោះលែងលោកញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានតុលាការ​ចេញដីកា​ដោះ​លែង​​​ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន​​​ចោទ​ប្រកាន់​​​និងឃុំខ្លួនអស់ប្រមាណ៩ខែមក ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​១០ឆ្នាំមុន។

ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ចៅក្រម​ស៊ើប​សួរ​ នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី លឹមម៉េង បានប្រាប់មក​ប្រធាន​មណ្ឌល​អប់រំកែ​ប្រែ​រាជធានីភ្នំពេញឲ្យដោះលែងលោក ញិក ប៊ុនឆៃ (ញឹក ប៊ុនឆៃ) ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ខណ្ឌ​​ជ្រោចង្វារ រាជធានីភ្នំពេញ។

បើតាមដីបង្គាប់ដដែល តុលាការ មិនបានបញ្ជាក់លម្អិតណាមួយពីមូលហេតុនៃការដោះលែង លោក ញឹក ប៊ុនឆៃ នោះទេ ប៉ុន្តែ តុលាការដាក់ លោក ប៊ុនឆៃ ឲ្យស្ថិតនៅ​ក្រោមការ​ត្រួត​ពិនិត្យ​ពីបទ «សមគំនិតផលិតគ្រឿងញៀននិងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន» ដែល​តុលាការ​ថាបានប្រព្រឹត្តិឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧។

សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃត្រូវ​បានចាប់​ខ្លួន​កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​កាល​ពី១០​ឆ្នាំ​មុន ។ លោក ញឹក ប៊ុនឆៃ ធ្លាប់បានសារភាពកំហុស ដោយថ្លែងថា​លោក​បាន​​ប្រព្រឹត្ត​​មិន​គប្បី​ចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕


ចែករំលែក៖