ខេត្តស្វាយរៀង៖ ស្ត្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរ ខណៈដែលបានយកម៉ូតូមកលក់គ្មានឯកសារច្បាស់លាស់ ក្រោយមកទើបដឹងថា លួចម៉ូតូរបស់គេ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច នៅផ្សារជីភូ ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីសង្ស័យដែលឃាត់ខ្លួនមានឈ្មោះថាច់ ស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ សូ ចន្នី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះម៉ូតូដែលស្ត្រីសង្ស័យយកមកលក់ ឲ្យម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាក់លេខ ស្វាយរៀង 1I.7271។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ក្រុងបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទ័ថា មានមនុស្សស្រីម្នាក់បានជិះម៉ូតូដើរលក់គ្មានឯកសារសម្គាល់នៅផ្សារជីភូរួចមក ភ្លាមៗនោះសមត្ថកិច្ចបានទៅដល់ផ្សារជីភូហើយបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសាកសួរ ក្រោយមកទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួចម៉ូតូនៅបាវិត។
បើតាមម្ចាស់ម៉ូតូបានប្រាប់ថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់កាលវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដែលបញ្ឃរទុកនៅខាងមុខផ្ទះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយមកស្រាប់តែបាត់តែម្ដង។
បច្ចប្បន្នស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនបន្តមកអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់ព្រមទាំងប្រគល់ម៉ូតូទៅឲ្យម្ខាស់ដើមវិញផងដែរ ៕ យឹម សុថាន