ព័ត៌មានទាន់ហេតុការណ៍៖

ទម្លាក់ថង់ថ្នាំញៀននៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខណ្ឌដង្កោជាលទ្ធផលជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពួកគេបានជិះម៉ូតូឆ្លងកាត់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយបានទម្លាក់ថង់ថ្នាំញៀននៅលើផ្លូវ។

ការចាប់ឃាត់ខ្លួនយុវជន២នាក់ខាងលើធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ ចំណុចទល់មុខវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

យុវជនជាជនសង្ស័យមានឈ្មោះ ចន ភា អាយុ២០ឆ្នាំ កម្មករសំណង់ផ្នែកជាងភ្លើង និងម្នាក់ទៀតមានឈ្មោះ វ៉ា វណ្ណា អាយុ១៩ឆ្នាំ កម្មករសំណង់ផ្នែកជាងភ្លើងដូចគ្នា និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំ១កូនថង់តូច និងម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1L-7635 ។

យុវជនសង្ស័យ២នាក់ខាងលើនេះ បានកំពុងធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌដង្កោ និងបានធ្វើតេស្តទឹកនោមឃើញថាមានសារធាតុញៀនពិនិត្យប្រាកដមែន។ ពួកគេបានសារភាពប្រាប់សមត្ថកិច្ចថា ថ្នាំញៀននេះគេនាំគ្នាទៅទិញនៅម្តុំចោមចៅក្នុងតម្លៃ២ម៉ឺនរៀល។

គួរបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោសរុប៥២នាក់ ដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌដង្កោ ៕ តាឡឹម


ចែករំលែក៖