ភ្នំពេញ៖ រថយន្តហ៊ីយ៉ានដាយមួយគ្រឿងបើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយចេញពីកន្លែងផឹកស៊ីស្រវឹងជោកជាំ បានបោះពួយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន៦កង់ ទើបរថយន្តទៅមុខលែងរួច តៃកុងរត់គេចខ្លួនបាត់ នៅតែព្រូ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យសម្ភពចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បីធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខចង្កូតស្តាំ PP-1445 បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនហើយបានជ្រុលបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៦កង់ទើបរថយន្តទៅមុខលែងរួចតែម្តង។
ភ្លាមៗនោះបុរសអ្នកបើកបរបានចុះពីលើរថយន្ត ហើយគេចខ្លួនបាត់ តែត្រូវបានប្រជាពលរដ្ឋឃាត់បានបុរសម្នាក់ដែលរួមដំណើរជាមួយប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ