ព័ត៌មានទាន់ហេតុការណ៍៖

ទឹកធ្លាក់ក្បាលព្រះ សម្រស់ធម្មជាតិដ៏ស្រស់ស្អាតទាក់ចិត្តភ្ញៀវទេសចរចូលទៅកម្សាន្ត និងលម្ហែកាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសម្រស់ធម្មជាតិទឹកធ្លាក់ដែលមានឈ្មោះថា “ទឹកធ្លាក់ក្បាលព្រះ” កំពុងតែទាក់ទាញទេសចរចូលទៅកម្សាន្តជាមួយនឹងទឹកជ្រោះដ៏ត្រជាក់ និងទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតក្រោមម្លប់ព្រៃឈើដ៏ស្រស់ត្រកាលគួរឲ្យចង់គយគន់។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ឬយានយន្តក៏បាន អាស្រ័យលើចំណង់ចំណូលចិត្ត។ ទឹកធ្លាក់ក្បាលព្រះ មានទីតាំងស្ថិតក្នុងភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ និងមានចម្ងាយ១៣គីឡូម៉ែត្រពីរូបសំណាកគោព្រៃ ដែលភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ដើរព្រៃ និងអាចលម្ហែកាយជាមួយទឹកធ្លាក់ដ៏ត្រជាក់ចិត្តនិងស្រស់ស្អាតមួយនេះ។

ភ្ញៀវទេសចរទាំងអស់នឹងបានប្លែកអារម្មណ៍ ហើយអ្វីដែលរឹតតែរំភើប និងអស្ចារ្យនោះគឺ ការថតផ្តិតយករូបភាពព្រៃឈើពណ៌បៃតងនៅតាមដងផ្លូវ និងគ្របដណ្តប់ព័ទ្ធជុំវិញតាមដងអូរមាត់ជ្រោះ និងអាចស្វែងយល់បានកាន់តែច្រើនពីការរស់នៅរបស់បងប្អូនជនជាតិនៅលើដែនដី កម្រាលព្រំពណ៌បៃតងមណ្ឌលគិរីថែមទៀតផង៕ សុខ ខេមរា


ចែករំលែក៖