ភ្នំពេញ: ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយសាលាបឋមសិក្សាទួលគោកតាមបណ្តោយផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GB-4428 ធ្វើដំណើរតាមផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានគេចពីរថយន្តមួយគ្រឿងបើកកាត់ខាងមុខ រួចបានគេចមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-1881 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងបួសធ្ងន់ទាំងសងខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរចំណែកម៉ូតូទាំង២គ្រឿងរងការខូតខាតដូចគ្នា។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នា៕ ជ្រោយពេជ្រ