ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកបណ្ដាលឲ្យរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្ស៣នាក់ទទួលរងរបួសធ្ងន់ ខណៈបើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតបើកបុកពេញមួយទំហឹង កាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់៣នាក់ ទី១-ឈ្មោះ ធី ប៊ុនលី ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកឯង សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាកHILUXVIGO ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AK-8143 ទី២-ឈ្មោះ ធី ម៉េងហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីគជ្រោយ ស្រុក មុខកំពូល ខេត្តកណ្ដាល (ជាអ្នករួមដំណើរ) និងទី៣-ឈ្មោះ ឃឿន និមិត្ត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (ជាអ្នករួមដំណើរ) ។ ចំណែកភាគីរថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ កំពង់ចាម3A-6424 បើកដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តម៉ាកHILUXVIGO ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែបត់ឆ្លងផ្លូវ ខណៈនោះ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ធ្វើដំណើរពីជើងទៅត្បូង បានបុករថយន្តម៉ាកHILUXVIGOពេញមួយទំហឹង បណ្ដាលឲ្យអ្នកនៅក្នុងរថយន្តម៉ាកHILUXVIGOទទួលរងរបួសធ្ងន់ រីឯរថយន្តវិញខូចខាតយ៉ាងដំណំ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំពោះរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាកHILUXVIGOបើកបរខ្វះការប្រយ័ត្ន មុនបត់ឆ្លងផ្លូវ ទើបបណ្ដាលឲ្យរថយន្តហ៊ីយ៉ាន់ដាយបុកយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖