ខេត្តកំពង់ស្ពឺ៖ សពស្ត្រីម្នាក់ត្រូវបានម្តាយប្រទះឃើញអណ្តែតនៅក្នុងអណ្តូងទឹក ក្រោយផ្ទះចម្ងាយ៧០ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅពិនិត្យ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទងខេត្តកំពងស្ពឺ ។
លោក ណុល ដារ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល មានស្ត្រីម្នាក់ឈ្មោះ ម៉ន ឡង អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ត្រូវជាម្តាយស្ត្រីរងគ្រោះ បានយកខោអាវទៅបោកគក់នៅក្បែរអណ្តូងក្រោយផ្ទះ ពេលនោះក៏ប្រទះឃើញសពអណ្តែតក្នុងអណ្តូង ហើយគាត់ក៏មិនទាន់ដឹងថា សពក្នុងអណ្តូងនោះជាកូនស្រីរបស់គាត់នោះទេ ។
ប្រភពបានបន្តថា ក្រោយមន្ត្រីជំនាញស្រង់សពស្ត្រីរងគ្រោះមកពិនិត្យ ទើបស្ត្រីខាងលើដឹងថា សពនេះជាកូនស្រីរបស់គាត់មានឈ្មោះ ផៃ សុខគៀង អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។
ស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់បានបាត់ទាំងប្តី និងប្រពន្ធតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មកម្ល៉េះ តែមុនពេលបាត់កូនស្រី និងកូនប្រសារ ពួកគេទាំងពីរនាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ។ រឿងឈានដល់ឈ្លោះគ្នា ដោយសារកូនប្រសារប្រច័ណ្ឌកូនស្រីរបស់គាត់ ចាប់តាំងពីពេលនោះមក ក៏ស្ងាត់ឈឹង គាត់នឹកស្មានថា កូនត្រូវរ៉ូវគ្នាវិញ ។
រហូតដល់ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ទើបគាត់ប្រទះឃើញសពកូនស្រីគាត់ក្ន្ងអណ្តូងតែមិនដឹងថា ជាកូនរបស់ខ្លួនឡើយ ។ លុះពេលសមត្ថកិច្ចស្រង់ពីអណ្តូង ទើបដឹងថាជាកូនស្រីរបស់ខ្លួន ។
ករណីនេះ សមត្ថកិច្ចជំនាញដាក់ការសង្ស័យជាអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ឋ ។
ជនសង្ស័យដែលត្រូវជាប្តីឈ្មោះ ម៉ាប់ វុទ្ឋី ហៅម៉ាប់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់គេចខ្លួនបាត់ ។
បើទោះជាយ៉ាងណា សមត្ថកិច្ចបានដាក់ការសង្ស័យថា ជនដៃដល់គឺជាប្តីស្រ្តីរងគ្រោះពេលនេះ មន្ត្រីជំនាញកំពុងស្រាវជ្រាវតាមចាប់ប្តីចិត្តកំណាចយកមកផ្តន្ទាទោសតាមច្បាប់ ៕ សេនាស័ក្តិ