ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេឃុំ​ឆ្នុកទ្រូ លោក សាំង គឹម​ស៊ន នៅ​ពីក្រោយ​បទល្មើស​នេសាទ​​ខុសច្បាប់​

ចែករំលែក៖

ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តាម​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​លោក សាំង គឹម​ស៊ន គឺជា​អ្នក​រត់ការ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​បក្ខពួក​របស់ខ្លួន​ធ្វើ​សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​ប្រភេទ​មង​បង្ក្រាប​៣​ជាន់​ប្រមាណ​១០​ទូក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​មាន​លោក សាំង គឹម​ស៊ន ជា​អ្នក​រត់ការ​បែបនេះហើយ​ទើប​ក្រុម​ជនល្មើស​មួយចំនួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​មង​បង្ក្រាប​៣​ជាន់​នៅក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ប្រជា​នេសាទ​រស់នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ជាពិសេស​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ទូក​មង បង្ក្រាប​៣​ជាន់​កំពុង​ត្រូវគេ​ប្រើប្រាស់​ដើម្បី​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ផាត់​សណ្ដាយ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ ជា​អ្នកសម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ទើប​ក្រុម​ជនល្មើស​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​។

តាម​ការអះអាង​ពី​សំណាក់​ប្រជា​នេសាទ​នៅក្នុង​ឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក សាំង គឹម​ស៊ន ជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិនអាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ បច្ចុប្បន្ន​មាន​ទូក​មង​បង្ក្រាប​៣​ជាន់​ប្រមាណ​១០​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ចាប់​ត្រី​នៅ​ចំណុច​ដងគោម​កន្ធរ ឆ្នុកទ្រូ ក្រ​ញាន​តូច ក្រ​ញាន​ធំ មាត់ពាម​ព្រែក​ខ្សាច់ និង​នៅ​ចំណុច​អភិរក្ស​ពាមសែន យ៉ាង​អនាធិបតេយ្យ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក៏ដូចជា​មេ​រដ្ឋបាល​ជលផល​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពីបទ​ល្មើស​នេសាទ​ទើប​ពួកគេ​សម្ងំ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ ៕

 


ចែករំលែក៖