ខេត្តតាកែវ ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវកាលពីព្រឹកថ្ងៃពុធ ៣រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួនបានលើកឡើងប្រាប់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជា ពិសេសគណៈអភិបាលខេត្តពីការព្រួយបារម្ភរបស់ក្រុមប្រឹក្សាខេត្តពាក់ព័ន្ធទៅនឹងសកម្មភាពលបលួចដាំដំណាំកញ្ឆាខុស ច្បាប់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលរស់នៅជាប់ជើងភ្នំក្នុងស្រុកគីរីវង់ ។
ថ្លែងចំពោះមុខគណៈអភិបាលខេត្ត និងមន្រ្តីស្ថាប័នជំនាញចំណុះឲ្យរដ្ឋបាលសាលាខេត្តដែលចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលោក ធង ឯម សមាជិកក្រុមប្រឹក្សាខេត្តបានឡើងសម្តែងមតិ និង បង្ហាញពីការព្រួយបារម្ភរបស់លោកពាក់ ព័ន្ធទៅនឹងការដាំដុះដំណាំកញ្ឆាខុសច្បាប់នៅលើជួរភ្នំបាយ៉ង់កោរ ។
សមាជិកក្រុមប្រឹក្សាខេត្តរូបនេះបាន បន្តថា កន្លងទៅគេឃើញមានសកម្មភាព របស់សមត្ថកិច្ច ជាពិសេសអធិការដ្ឋាននគរបាលស្រុកគិរីវង់បានចុះបង្រ្កាបការលួចដាំកញ្ឆានៅស្រុកគីរីវង់នេះរាប់សិបឆ្នាំមក ហើយដោយការបង្រ្កាបនេះហាក់ដូចជាមិនចេះអស់ទាល់តែសោះគឺកាប់បំផ្លាញតាម របៀបកាប់ពីមុខដុះពីក្រោយ ។
លោកសមាជិកក្រុមប្រឹក្សាខេត្តបាន អះអាងដូច្នេះថា «ចំពោះបញ្ហាកញ្ឆានេះ បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តតាកែវយើងខ្លាំងណាស់។ ដូច្នះអាជ្ញាធរខេត្តគួរតែពិភាក្សាគ្នាស្វែងរកដំណោះស្រាយតាមរយៈសកម្មភាពដឹកនាំកំម្លាំងចម្រុះចុះទៅបង្រ្កាបឲ្យអស់តែម្ដងដើម្បីលើកមុខមាត់ខេត្តឡើងវិញ និងកុំឲ្យធ្វើសកម្មភាពដូចជាអង្គុយបក់ផ្សែង» ។
សមាជិកក្រុមប្រឹក្សាខេត្តរូបនេះបានលើកឡើងថា «អាជ្ញាធរមានកម្លាំងសមត្ថកិច្ចជាច្រើនទាំងទាហាន នគរបាល និង កម្លាំងកងរាជអាវុធហត្ថរឿងអីដែលយើងមិនអាចសហការគ្នាចុះទៅបង្រ្កាបការលួចដាំដំណាំកញ្ឆានេះឲ្យអស់តែម្ដង។ បើយើងមិនអាចបង្រ្កាបការលួចដាំដំណាំកញ្ឆាខុស ច្បាប់បានទេវានឹងធ្វើឲ្យមានការរិះគន់ពី ប្រជាពលរដ្ឋ ហើយវាក៏នឹងធ្វើឲ្យមានការលួចធ្វើចរាចរណ៍កញ្ឆាក្នុងប្រទេស និងទៅ ក្រៅប្រទេសថែមទៀតផង ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវបានឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ហើយក៏ទទួលស្គាល់ ថា បញ្ហាខាងលើកន្លងមកគឺអាជ្ញាធរ និងសមត្ថកិច្ចបានចុះបង្រ្កាបជាច្រើនលើកច្រើនសាដែរ ប៉ុន្តែបង្រ្កាបមិនអស់នោះទេ ។
លោកអភិបាលខេត្តបានបង្ហាញពីមូលហេតុយ៉ាងដូច្នេះថា «ដោយសារតែស្ថានភាពភូមិសាស្រ្តស្មុគស្មាញដោយសារតែភ្នំមានកម្ពស់ខ្ពស់ជ្រលងជ្រៅៗជាច្រើនកន្លែង មានព្រៃដុះពាសពេញ ហើយពួកអ្នកលួចដាំខ្លះដាំនៅតាមជម្រាលភ្នំនិងខ្លះទៀតដាំនៅលើភ្នំក៏មាន» ។
លោកអភិបាលខេត្តប្តេជ្ញាថា «ទោះបីជាយ៉ាងណាក៏ដោយក្នុងនាមជាប្រធាន គណៈបញ្ជាឯកភាពខេត្តលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការបង្រ្កាបការលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះ ហើយយើងក៏នឹងបានធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជើងភ្នំកុំឲ្យលួចដាំដំណាំខុសច្បាប់នេះតទៅទៀត បើអាជ្ញាធរចាប់បានអ្នកដែលលួចដាំនឹងត្រូវទទួលទោសទៅតាមច្បាប់ជាក់ជាពុំខាន»៕ ហេង សូរិយា