ភ្នំពេញ៖ ជនជាតិបរទេសម្នាក់ បើកម៉ូតូយ៉ាងលឿន មកដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១២យប់ ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៩៤កែងនិងផ្លូវ២៩ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិបរទេសម្នាក់ បើកម៉ូតូម៉ាកស៊ុយស៊ូគីស្ទេប ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1K-8175 បើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3231 បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតទ្វារមុខខាងស្ដាំ។
បន្ទាប់ពីកើតហេតុមានរថយន្តសង្គ្រោះគ្លីនិចឯកជននិងអ្នកសារព័ត៌មានបានមកដល់កន្លែងកើតបានយកទូរស័ព្ទថតធ្វើឲ្យជនជាតិបរទេសនោះខឹង ស្ទុះទាំងរបួសមកយកទូរសព្ទបានហើយបានបោកទៅលើកញ្ចក់រថយន្តសង្គ្រោះពីក្រោយបណ្ដាលឲ្យបែកកញ្ចក់រងការខូចខាត។
ក្រោយពីបោកទូរសព្ទ័រួចជនជាតិបទេស ដែលរបួសបានឡើងរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដើម្បីព្យាបាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងសមត្ថកិច្ចជំនាញចរាចរមកវាស់វែងយករថយន្ត និងម៉ូតូ ព្រមទាំងរថយន្តសង្គ្រោះទៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ