ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យុវជនវណ្ណី មេក្លោងចែកចាយគ្រឿងញៀនដ៏ធំនៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស អាជ្ញាធរធ្វើមិនឃើញ

ចែករំលែក៖

យុវជនម្នាក់ឈ្មោះ វណ្ណី អាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ គឺជាមេក្លោងគ្រឿងញៀនដ៏ធំប្រចាំតំបន់​ ដែលអាជ្ញាធរមូលដ្ឋានដឹងឮ ប៉ុន្តែគ្មានចំណាត់ការបង្ក្រាប ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ព្រួយបារម្ភពីការដែលកាន់តែរីករាលដាលនៃបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។ ការដែលអាជ្ញាធរមូលដ្ឋាន មិនបង្ក្រាប បទល្មើសចំពោះបុរសម្នាក់នេះ ត្រូវគេសង្ស័យថា ដោយសារតែអំពើពុករលួយ ។

ប្រភពបានឲ្យដឹងថា យុវជនឈ្មោះ វណ្ណី កំពុងតែពង្រីកសេវានៃការចែកចាយគ្រឿងញៀន ដោយបានទាក់ទាញយុវជន យុវនារីពីតំបន់ផ្សេងឲ្យមកជួយលក់គ្រឿងញៀនខ្លួនផងដែរ ។ យុវជនម្នាក់ ឈ្មោះពេជ្រ ត្រូវបាននាំមកពីឃុំស្លា ស្រុកសំរោង ខេត្តតាកែវ និងនារីខារ៉ាអូខេម្នាក់នៅតំបន់ក្បែរនោះឲ្យមកជួយចែកចាយគ្រឿងញៀនរបស់ខ្លួននោះផង ។ គេឃើញយុវជនវណ្ណី ជិះម៉ូតូស៊ុយសាគីឡេត ពណ៌ផ្កាឈូកឌុបនារីខារ៉ាអូខេម្នាក់ដើរចែកចាយគ្រឿងញៀនជាចំហរ ។ ពួកគេ រកស៊ីចែកចាយគ្រឿងញៀនជាយូរណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះមានសេវាដៃជើងជួយចែកចាយគ្រឿងញៀន ស្ទើរម៉ៅផ្តាច់ក្នុងស្រុកសំរោង ស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី ។

ប្រជាពលរដ្ឋបានត្រឹមតែព្រួយបារម្ភចំពោះការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍តែប៉ុណ្ណោះ ។ លោកជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស ក៏ដូចជា​មេប៉ុស្តិ៍ព្រៃផ្តៅ ត្រូវបានប្រជាពលរដ្ឋនិយាយថា មិនមែនមិនដឹងថា បុគ្គលខាងលើនេះជាមេក្លោងចែកចាយ​ និងប្រើប្រាស់គ្រឿងញៀននៅក្នុងតំបន់នោះទេ ប៉ុន្តែទំនងជាបានលាភសក្ការពីយុវជន វណ្ណី នោះហើយ ទើបជាមុខរបរជួញដូរគ្រឿងញៀនរបស់យុវជនខាងលើ អាចដំណើរការបានដោយរលូនរហូតដល់សព្វថ្ងៃនេះ ។ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តតាកែវ ជាពិសេស​លោក សុខ សំណាង ស្នងការនគរបាលខេត្តមេត្តា​ជួយចាត់វិធានការបង្ក្រាបបទល្មើសនៃការចែកចាយគ្រឿងញៀនរបស់យុវជន​វណ្ណី នៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាសនោះផង ៕

 


ចែករំលែក៖