ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនគោរពសិទ្ធិអទិភាពបុកម៉ូតូច្នៃរ៉ឺម៉ករងរបួសសងខាង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាសេ១២៥ បើកមិនគោរពសិទ្ធិអទិភាពបុកជាមួយម៉ូតូច្នៃរ៉ឺម៉កបញ្ច្រាសគ្នាយ៉ាងពេញទំហឹងកាលពីថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥និង៥០នាទីល្ងាច នៅចំណុចលើផ្លូវ៣១៤D ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា អ្នកបង្កជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ស្វាយរៀង ១I ៩២៩៥ បើកបរដោយឈ្មោះ ពេជ្រ​​ ជៀន​ អាយុ​ ៣៥ឆ្នាំមុខរបរ​ បើកបររថយន្ត​ រស់នៅភូមិព្រៃសម្ភ័រ​ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូច្នៃរ៉ឺម៉កម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាក​លេខ បើកបរដោយឈ្មោះ ផុន​​ ប៊ុន​លី អាយុ ២៨ឆ្នាំ មុខរបរ​រត់រ៉ឺម៉ក បច្ចុប្បន្នរស់នៅភូមិរោទិ៍ ឃុំខ្សែត្រ​ ស្រុកកំពង់រោទិ៍ ខខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាក​លេខ ស្វាយរៀង ១I ៩២៩៥ ដែលធ្វើដំណើរពីលិចទៅទិសខាងជើងខណះបើក មិនគោរពសិទ្ធិភាពស្រាប់តែទៅបុកនឹងម៉ូតូច្នៃរ៉ឺម៉ក ម៉ាកវ៉េវ ពណ៌ខ្មៅគ្មាន ស្លាក​លេខ ក្នុងទិសដីពីជើងមកត្បូង ចំពាក់កណ្តាលម៉ាស៊ីន​ម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្សនិងម៉ូតូខ្ទាតហោះផ្លោងប្រមាណ៣ម៉ែត្របង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីកើតហេតុអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យកអ្នករងរបួសទាំងសងខាងមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប។

ព្រមទាំងវាស់វែង និងអូសម៉ូតូ២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖