ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តភ្លៅ៥ដឹកអីវ៉ាន់ចាប់ហួយផ្ទុះកង់ឆេះទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តភ្លៅ៥ ដឹកអីវ៉ាន់ចាប់ហួយ របស់ថៅកែនៅភ្នំពេញ បានផ្ទុះកង់មុខ ផ្នែកខាងស្តាំ បណ្តាលឲ្យឆេះ ឡើងសន្ធរ សន្ធៅ កណ្តាលអធ្រាត្រ តែទាំងសំណាងល្អ បានរថយន្តសង្គ្រោះ របស់ប៉ូលិស មកទាន់កុំអី ខ្ទេចអីវ៉ាន់ទាំងស្រុង ។

ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង ០២ និង ៣០នាទី យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំព្រៃកាស្យា ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥ និង២៦ លើផ្លូវជាតិលេខ ៦៧ថ្មី ភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ថា មានករណីរថយន្តភ្លៅ៥ ដឹកអីវ៉ាន់ចាប់ហួយ ផ្ទុះកង់ឡានផ្នែកខាងមុខ អ្នកបើកបរឈ្មោះ អឿន សុវណ្ណទីនាង ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ អូរ ដឹម ឃុំ ជម្ពូវ័ន ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ពីជើងទៅត្បូង) ឆ្ពោះទៅភ្នំពេញ ដើម្បីចែកចាយ បោះឲ្យម៉ូយ ។

លោកបានបន្តថា ក្រោយពេលកើតហេតុ ឆេះរថយន្តនោះ មានការចូលរួមសហការពីកម្លាំងសមត្ថកិច្ច ប៉ូលិសដូចជា៖ ប៉ូលិស ស្រុកបន្ទាយស្រី ចំនួន ០៥នាក់ -ស្រុកវ៉ារិន ចំនួន ២នាក់ – ស្រុកប្រាសាទបាគង ចំនួន៥នាក់ និង ប៉ូលិសការិយាល័យខេត្តចំនួន៣នាក់ ប្រើរថយន្តអគ្គីភ័យ ជួយសង្រ្គោះមាន ៖១. ស្រុកវ៉ារិន.០១គ្រឿង -២.ស្រុកប្រាសាទបាគង.០១គ្រឿង-៣. ការិយាល័យខេត្ត.០២ គ្រឿង។ក្នុងនោះប្រើប្រាស់ទឹកអស់ ៣ឡាន ទើបធ្វើឲ្យមានការពន្លត់បាន អស់រលត់ទាំងស្រុង នៅវេលាម៉ោង ០៥ និង ០០នាទីភ្លឺថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨។

បច្ចុប្បន្នរថយន្តរបស់ថៅកែលក់ចាប់ហួយនៅភ្នំពេញកំពុងត្រូវបានរកជំនួយ ដើម្បីជួយយកមកសាងអីវ៉ាន់ ទៅភ្នំពេញវិញ ចំណែករថយន្ត ត្រូវម្ចាស់បញ្ជូនទៅជួសជុល ៕ ប៊ុន រិទ្ធី


ចែករំលែក៖