ខេត្តឧត្តរមានជ័យ៖ រថយន្ដបែនដឹកដី និងរថយន្ដបែនដឹកដីដូចគ្នាបានបុកគ្នាពេញមួយទំហឹង បានបណ្ដាលឲ្យតៃកុងរថយន្ដម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ១៧៤ ក្នុងភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្ត ឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A៧៩៥៦។
ដោយឡែកជនបង្កក្រោយបើករថយន្ដបង្ករួចក៏បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្ដនៅនឹងកន្លែងកើតហេតុ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្ដទាំង២គ្រឿងខាងលើ ស៊ីឈ្នួល ដឹកអាចម៍ដី បើកចុះឡើងជាច្រើនជើង រហូតមកដល់ចំណុចកើតហេតុ បានបើកបរបញ្ច្រាសទិសគ្នា និងបើកឆាបគ្នា របៀប ប្រឡែងគ្នាលេង រួចបានជ្រុលចង្កូត ទៅបុកគ្នាពេញមួយទំហឹងតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចចរាណ៍ផ្លូវគោកស្រុកអន្លង់វែង បានចុះទៅវាស់វែង និងប្រមូលវត្ថុតាងរថយន្ដទាំងពីរគ្រឿងខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង។
រីឯសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី ៕ ប៉ែន នួន