ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយ បានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដែលសង់អំពីឈើលើ ថ្មរក្រោម បានឆេះខ្ទេចស្ទើរតែគ្មានសល់ និងមួយខ្នងទៀតជាផ្ទះល្វែងដែលបើកគ្លីនិចសង្គ្រោះ ក៏រងការខូចខាតផងដែរ ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៩៣ កែង និងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះអគ្គិភ័យខាងលើបានឈ្មោះ ចាប់រ៉េត ភេទប្រុស អាយុ48ឆ្នាំ មុខរបរលក់សំបក់ប៉ាវ ហើយមូលហេតុនៃការឆាបឆេះផ្ទះរងគ្រោះខាងលើគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺគេបានឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុ ទើបនាំគ្នាស្រែកផ្អើលឆោឡោ និងយកបានទាញទយោទឹករបស់ខុនដូរដែលនៅក្បែរ បាញ់ពន្លត់ព្រមទាំងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ប្រភពដដែលបានបន្ដថា ពេលដែលអណ្ដាលភ្លើងកំពុងឆេះយ៉ាយសន្ធោសន្ធៅប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរកន្លែងកើតហេតុបាននាំគ្នារើឥវ៉ាន់ចេញពីផ្ទះព្រោះខ្លាចអគ្គិភ័យឆាបឆេះរាលដាលដល់ផ្ទះរបស់ពួកគាត់។
ក្រោយពីទទួលបានដំណឹងភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យបានចេញមកជួយអន្តរាគមន៍ដោយប្រើប្រាស់អស់ទឹកចំនួន៤គ្រឿង និងមិនទាន់ប្រើនៅជាច្រើនទៀត ហើយក្នុងអំឡុងពេលដែរសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍បាញ់ទឹកពន្លត់នោះ អគ្គិភ័យក៏បានរាលដាលដល់ផ្ទះថ្មមួយខ្នងជាប់គ្នា បណ្ដាលឲ្យរងការខូចខាតតិចតួចផងដែរ ហើយករណីអគ្គិភ័យខាងលើនេះ គឺមិនមានអ្នករងរបួសនោះទេ ៕ ភារ៉ា ដង្កោ