ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថភ្លើងដឹកអ្នកដំណើរបើកបុកខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបើកឆ្លងកាត់ផ្លូវរថភ្លើង សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយត្រូវរថភ្លើងដឹកអ្នកដំណើរបុកបណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសស្រាល ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចផ្លូវរថភ្លើង ខាងជើងផ្សារជិនណាន ប្រមាណ១០០មែត្រ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2218 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបំណងបើកឆ្លងកាត់ផ្លូវរថភ្លើង ខណៈដែលឆ្លងមិនទាន់បានពាក់កណ្តាលផ្លូវផង ស្រាប់តែមានរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានបើកមកពីកើតទៅលិចគឺពីភ្នំពេញទៅខេត្តព្រះសីហនុក៏បុកត្រូវរថយន្តហាយឡែនឌ័រផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទាតធ្លាក់មកកាវថ្នល់តែម្តង ។ តែសំណាងល្អហើយអ្នកបើកបររថយន្តរងរបួសស្រាលចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងតំណំហើយរថភ្លើងក៏បន្តដំណើរទៅមុខបាត់ ។

ក្រោយកើតហេតុក៏កម្លាំងនគរបាលចរារខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅនគរបាលការរិយាល័យចរាចររាជធានីភ្នំពេញស្ទូចរថយន្តខងលើរក្សាទុករងចាំរថភ្លើងត្រឡប់មកវិញ ទើបដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖