ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបុករថយន្តកុងតឺន័រឈប់លើផ្លូវស្របទិសគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលជិះម៉ូតូបុកគូថរថយន្តកុងតឺន័រពីក្រោយស្របទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះកាលពីថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥និង១០នាទីល្ងាច លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦៦ និង១៦៧ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ រឿន ចិន្តាអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូ មានទីលំនៅភូមិព្រៃស្គុម ឃុំព្រៃធំស្រុកកំពង់រោទ៍ ខណៈជិះម៉ូតូម៉ាកHONDA ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1J-8189 ខូចខាតយ៉ាងដំណំ ។

ចំណែកឯរថយន្តកុងតឺន័រម៉ាកINERNATIONAL ពណ៌ក្រហម ពាក់ស្លាកលេខ 51C-06785 បើកបរដោយឈ្មោះ ប៊ួយ វ៉ាន់វឿន ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិវៀតណាមមុខរបរបើកបររថយន្តមានទីលំនៅភូមិវិនទៀង ឃុំខាញ់វិញ ស្រុកយានខាញ់ ខេត្តនិញបិញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលបាវិត។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានរថយន្តកុងតឺន័រម៉ាកINERNATIONAL ព៌ណក្រហម ពាក់ស្លាកលេខ 51C-06785ដែលធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់ចតលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង1J-8189 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរស្របគ្នា ក្នុងល្បឿនលឿនក៏បុកបះពីក្រោយរថយន្តពេញទំហឹងបណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលបានមកវាស់វែង និងបានពិនិត្យសាកសពរួចប្រគល់ឲ្យក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ យឹម សុថាន


ចែករំលែក៖