ខេត្តស្វាយរៀង៖ មានការស្រែកយំផ្អើលអស់ក្រុមគ្រួសារ និងអ្នកភូមិចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈដែលប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួនលើផ្លានដំបូលក្នុងផ្ទះ ។
ហេតុការណ៍កើតឡើងកាលពី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ស្ថិតក្នុងភូមិបាតថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងសង្ស័យអន់ចិត្តនឹងប្ដី និងម្ដាយមិននិយាយរក ។
ពាក់ពន្ធ័នឹងករណីខាងលើនេះដែរ សមត្ថកិច្ចនគរបាល ស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលសង្ស័យតូចចិត្តចងកសម្លាប់ខ្លួនមាន ឈ្មោះស្រី សុីណា អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាតថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្ដី និងកូនក្នុងបន្ទុក ។
ប្រភពបន្តថា ដោយបានទទួលព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសាកសពឃើញថា ជាបឋមស្ត្រីខាងលើបានចង(ក) និងក្រមា ពណ៌ខៀវលាយខ្មៅ ចងជាប់ទៅផ្លានដំបូលផ្ទះ បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ដោយមិនឃើញមានស្លាកស្នាមអ្វីសម្គាល់ថា ជារឿងឃាដកម្មនោះទេ ។
យោងតាមអ្នកភូមិបានរៀបរាប់ឲ្យដឹងថា ស្ត្រីឈ្មោះ ស្រី ស៊ីណា នេះគឺមានទំនាស់ពាក្យសំដីជាមួយប្ដី និងម្ដាយបង្កើតពីរថ្ងៃមកហើយ ខណៈខឹង និងអន់ចិត្តមិននិយាយជាមួយ ណាមួយទៀតមានជំងឺ មិនសូវស្រួលខ្លួនផង ក៏គិតខ្លីចងកសម្លាប់ខ្លួនតែម្ដង ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលបានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន