ខេត្តកណ្ដាលៈ សិស្សសាលាប្រុសស្រី២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាដោយល្បឿនលឿនមិនប្រយ័ត្នរេចង្កូតទៅបុកជាមួយរថយន្តច្នៃបើច្រស់ទិសគ្នាពេញមួយទំហឹង នៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវបេតុង ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ ម៉ាញ រាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1Y-8680 និងទី២-ឈ្មោះ ផល្លី គីមហួរ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ជាអ្នករួមដំណើរ) ។ ចំណែករថយន្ត ប្រភេទរថយន្តច្នៃបែន ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ប្រុសស្រីជិះម៉ូតូ លើផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង ស្រាប់តែម៉ូតូជនរងគ្រោះបត់ពុំទាន់ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តច្នៃពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ទាំង២នាក់តែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តច្នៃបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុក ធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ