ខេត្តកំពតៈ រថយន្តឡិចស៊ីស RX-340 ពណ៌ស ស៊េរីទំនើបមួយគ្រឿង បើកបរលើផ្លូវសុខៗ ស្រាប់តែរេចង្កូតធ្លាក់ចូលក្នុងទឹកភក់ប្រឡាយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃ អង្គារ ៩ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣៣ (កែប-កំពត) ត្រង់ចំណុចភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត គេឃើញរថយន្តឡិចស៊ីស RX-340 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8767 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបោះពួយយ៉ាងលឿន ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតសំដៅទៅខាងស្តាំដៃ ហើយក៏ធ្លាក់ចុះទឹកប្រឡាយទាំងកំរោលតែម្តង។
ប្រភពខាងលើ បានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុ គេឃើញស្ត្រីជាអ្នកបើកបរចេញពីរថយន្ត ដោយពុំមានរងរបួសអី្វទេ រួចគេចខ្លួនបាត់ភ្លាមៗ ដោយទុកឱ្យរថយន្តនៅក្នុងប្រឡាយ ។
ក្រោយកើតហេតុបងប្អូនម្ចាស់រថយន្តបានទៅដល់ហៅរថយន្តមកស្ទូចចេញពីទឹកប្រឡាយ ដើម្បីយកទៅជួសជុលវិញ ដោយមានការអនុញ្ញាតពីសមត្ថកិច្ចមូលដ្ឋាន ៕ សហការី