ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបេឡេឆ្លងទន្លេសាប ដែលមានប្រវែង៦៥៥ម៉ែត្រទទឹង១២ម៉ែត្រចំណាយថវិកាសរុបចំនួន៩លានដុល្លារ ជាថវិការបស់ក្រុមហ៊ុនOCIC និង រដ្ឋបាលរាជធានីភ្នំពេញ ។ស្ពានដែកបេឡេឆ្លងទន្លេសាបនេះ និងអាចជួយរំដោះការកកស្ទះចរាចរនៅស្ពានជ្រោយចង្វារ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ៏៩រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ។
លោកពុង ឃែវសែ ប្រធានក្រុមហ៊ុនOCIC បានបញ្ជាក់ថា៖ ស្ពានដែកបេឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាប បានសាងសង់ រួចរាល់កាលពីថ្ងៃទី៥ ឧសភា ទើបថ្ងៃនេះយើងសម្ពោធដាក់ឲ្យប្រើប្រាស់ ជូនប្រជាពលរដ្ឋទូទៅបានឆ្លងកាត់ ដើម្បីជួយរំដោះចរាចរមួយផ្នែក នៅតំបន់ជ្រោយចង្វារ ។ ស្ពានដែកបេឡេនេះចំណាយ ពេល សាងសង់រយៈពេល១២ខែ ទើបរួចរាល់ ដោយចំណាយថវិកាអស់៩លានដុល្លារ គឺជាថវិកា របស់ក្រុមហ៊ុនOCIC រួមជាមួយថវិកា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មូលហេតុដែលនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ សាងសង់ស្ពានដែកបេឡេនេះឡើង ដោយសារកំណើន ចរាចរនិងប្រជាពលរដ្ឋនៅរាជធានីពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយទើបរដ្ឋបាលរាជធានីសម្រេចធ្វើការសាងសង់ស្ពានដែកបេឡេនេះឡើង ដើម្បីជួយរំដោះចរាចរពីស្ពានជ្រោយចង្វារ បានមួយផ្នែកធំ ។ លោកបន្ដថា៖ ក្រោយពី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាន ដែក បេឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាបអាជ្ញាធរ មិន អនុញ្ញាត ឲ្យរថយន្តក្រុងរថយន្តដឹកលើសពី៥ តោន និងអ្នកថ្មើជើងឆ្លងកាត់ស្ពាននោះទេ ។ ស្ពានដែកបេឡេនេះ និងដាក់ឲ្យប្រើប្រាស់រហូតទាល់តែចាស់ ទ្រុឌទ្រោមប្រើលែងកើតទើបដក់ចេញ ពេលនោះ ស្របពេលនេះ ស្ពានបេតុង ដែលសាងសង់ស្របនោះ និងសាងសង់រួច ផងដែរ ។
លោក ឃួង ស្រេង បានឲ្យដឹងថា៖ ស្ពាននេះ ធ្វើចរាចរបង្វែទិសសម្រាប់រថយន្ត ១គន្លង ទៅ ១ គន្លងមកនិង ម៉ូតូ ១គន្លងទៅ១ គន្លងមក ជម្រាល ស្ពាន៤.៥% ឯលើកណ្តាលទន្លេជម្រាល០% ល្បឿនកំណត់២៥ គីឡូម៉ែត្រ ក្នុង១ម៉ោង កំពស់ យានយន្ត អនុញ្ញាត្តមិនឲ្យលើស២.៨ម៉ែត្រ ហាម រថយន្តក្រុង ឆ្លងកាត់ទម្ងន់យានយន្តអនុញ្ញាតមិន លើសពី៥តោន មិនអនុញ្ញាតឲ្យឆ្លងតាក់ឡើយ កាហាមឃាត់ មួយទៀត មិនអនុញ្ញាត ឱ្យអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពាន ៕ សំរិត