ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ០០នាទី នៅចំណុចផ្លូវចូលឌីស្កូថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងបណ្តឹងរបស់ឈ្មោះ សុខ គឹមស៊ុន ភេទ ប្រុស អាយុ ៤២ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខ សុភារិទ្ធ ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ម៉ាន ដារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ណុប ចាន់ឧត្តម ភេទ ប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣-ឈ្មោះ អឿន សៀវឡុង ភេទ ប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង ០៣នាក់ខាងលើ បានសារភាពថា ៖ មុនពេលកើតហេតុ ក្រុមជនសង្ស័យ មានគ្នា ០៥នាក់ រួមមាន ៖ (១-ឈ្មោះ ម៉ាន ដារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ណុប ចាន់ឧត្តម ភេទ ប្រុស អាយុ ១៦ឆ្នាំ ៣-ឈ្មោះ អឿន សៀវឡុង ភេទ ប្រុស អាយុ ១៦ឆ្នាំ ៤-ឈ្មោះ ឡែន ភេទ ប្រុស អាយុប្រហែល ១៦ឆ្នាំ ៥-ឈ្មោះ ឡិ ភេទ ប្រុស អាយុប្រហែល ១៨ឆ្នាំ) បានជិះម៉ូតូដើរលេងក្នុងបរិវេណកាស៊ីណូផ្កាយ៥ លុះជិះដល់ចំណុចមុខឌីស្កូថាច់ដោន ស្រាប់តែជនរងគ្រោះ (សុខ សុភារិទ្ធ) គប់ដុំថ្មមកលើបក្សពួករបស់ខ្លួន ត្រូវឈ្មោះ ម៉ាន ដារ៉ា បណ្តាលអោយដួលម៉ូតូ ពេលនោះស្រាប់តែឈ្មោះ ឡិ ឈប់ម៉ូតូ ហើយទាញដាវសាំម៉ូរ៉ៃពីម៉ូតូ កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសដាច់ប្រអប់ដៃខាងឆ្វេង (ដាច់សរសៃ និងឆ្អឹង ធ្ងន់ធ្ងរ) ពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចរៀងៗខ្លួនតែម្តង ។ ចំណែកជនសង្ស័យ និងជនដៃដល់ ០២នាក់ទៀត -ឈ្មោះ ឡែន (សហចារី) និងឈ្មោះ ឡិ (ចារី) បានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានចូលរួមក្នុងបទល្មើស (សហចារី) បទ ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សំ វិច្ឆិកា