ព័ត៌មានទាន់ហេតុការណ៍៖

លោក Trump ប្រកាសចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កឱ្យមានកំហឹង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាការសម្រេចចិត្តមួយធ្វើឱ្យមានការខកចិត្ត និងការស្រឡាំងកាំងជុំទិសភ្លាមៗ។

ក្រុមអ្នកឯកទេសបាននិយាយថា ការចាក់ចេញរបស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈកិច្ចព្រមព្រៀងនេះ បានបន្ធូរបន្ថយទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ថ្នូរនឹងសកម្មភាពកម្រិតកម្មវិធីនុយក្លេអ៊ែរ បានបង្កឱ្យមានគ្រោះថ្នាក់សារឡើងវិញដល់ការប្រណាំងប្រជែងសព្វាវុធនៅតំបន់មជ្ឈិមបូព៌ា ។

ថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ពីសេតវិមាន លោក ត្រាំ បានប្រកាសលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ។ លោកថា នឹងមិនចុះហត្ថលេខាដាក់ទណ្ឌកម្មបន្ថែមទាក់ទងនឹងនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់នោះទេ ប៉ុន្តែការដាក់ទណ្ឌកម្មសារឡើងវិញ ដែលបានដកចេញតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ ប្រឆាំងរដ្ឋាភិបាលក្រុងតេអេរ៉ង់ និងបណ្តាប្រទេសដែលមានទំនាក់ទំនងអាជីវកម្មជាមួយគ្នា ។

លោក Trump លើកឡើងពីវោហាសាស្ត្រប្រឆាំងអ៊ីរ៉ង់ និងកិច្ចព្រមព្រៀង ឬផែនការសកម្មភាពរួមគ្នា (JCPOA) ដោយនិយាយថា អាមេរិកបានបរាជ័យ មិនអាចទប់ស្កាត់អ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ឬគាំទ្រក្រុមភេរវកម្មក្នុងតំបន់ ។

កិច្ចព្រមព្រៀង JCPOA “អនុញ្ញាតឱ្យអ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម” ​​និង “លុបចោលទណ្ឌកម្មសេដ្ឋកិច្ចតឹងរ៉ឹង” លើរបបអ៊ីរ៉ង់ ថ្នូរនឹង “កម្រិតខ្សោយ” ចម្រាញ់សារធាតុនុយក្លេអ៊ែរ ព្រមទាំង មិនបានដាក់កំហិតអ្វីទាំងអស់ឥទ្ធិពលរបស់អ៊ីរ៉ង់ទៅក្នុងតំបន់ ។

លោកដូណាល់ ត្រាំ ថ្លែងថា “លក្ខន្តិកៈកិច្ចព្រមព្រៀងនេះមិនអាចទទួលយកបានទេ” ។ ប្រសិនបើខ្ញុំអនុញ្ញាតិឱ្យកិច្ចព្រមព្រៀងនេះនៅតែមាន មិនយូរមិនឆាប់ នឹងមានការប្រកួតប្រជែងដោយសព្វាវុធនុយក្លេអ៊ែរនៅក្នុងតំបន់មជ្ឈឹមបូព៌ា មនុស្សគ្រប់គ្នា ប្រាកដជាចង់បានអាវុធដូចអ៊ីរ៉ង់អីចឹងដែរ ។

លោក ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងដាក់កម្រិតទណ្ឌកម្មសេដ្ឋកិច្ចខ្ពស់បំផុតទៅលើទីក្រុងតេអេរ៉ង់ ។ ប្រទេសណាដែលជួយអ៊ីរ៉ង់ក្នុងសកម្មភាពផលិតអាវុធនុយក្លេអ៊ែរនោះ ក៏រងនូវព្រនង់ទណ្ឌកម្មយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកដែរ ។

ទាក់ទងទៅនឹងផលប៉ះពាល់ជាយថាហេតុប្រទេសក្នុងកិច្ចព្រមព្រៀងឆ្លងទ្វីបអាត្លង់ទិក ដោយសារតែការសម្រេចចិត្តនេះ, លោក Trump បានថ្លែងថា “យើងរួមគ្នាយល់ដឹងអំពីការគំរាមកំហែងប៉ុណ្ណោះ ព្រមទាំងការជឿជាក់របស់យើងថា អ៊ីរ៉ង់មិនអាចផលិតបាននូវអាវុធនុយក្លេអ៊ែរនោះឡើយ” ។

ការសម្រេចចិត្តរបស់លោក Trump ពេលនេះ ស្របពេលដំណើរមកដល់នៃទស្សនកិច្ចសហរដ្ឋអាមេរិករបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron, អធិការបតីអាល្លឺម៉ង់ លោកស្រីAngela Merkel និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ។ លោក Macron បានព្យាយាមបញ្ចុះបញ្ចូលលោក Trump ផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួន ។

បន្តិចក្រោយមក សេតវិមានបានប្រកាសថា លោក Trump បានដឹកនាំរដ្ឋបាលចាប់ផ្តើមដំណើរការភ្លាមៗ ដាក់ទណ្ឌកម្មទៅលើកិច្ចព្រមព្រៀង JCPOA ហើយការដាក់ទណ្ឌកម្មថ្មីនេះ ផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដូចជា ថាមពលប្រេង គីមីឥន្ធនៈ និងវិស័យហិរញ្ញវត្ថុ ” ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “អ្នកធ្វើជំនួញនៅអ៊ីរ៉ង់ត្រូវបានផ្ដល់ពេលវេលាតាមកំណត់ ឱ្យពួកគេកាត់បន្ថយប្រតិបត្តិការ ឬអាជីវកម្មពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ហើយបើអ្នកទាំងឡាយណានោះ មិនអនុវត្តតាមទេ នៅចុងបញ្ចប់នៃរយៈពេលកំណត់នេះ ពួកគេនឹងប្រឈមនូវផលវិបាកធ្ងន់ធ្ងរ” ។

លោក Steven Mnuchin រដ្ឋមន្ត្រីរតនាគារអាមេរិកបានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសមួយថា “ការដាក់ទណ្ឌកម្ម នឹងត្រូវកំណត់ឡើងវិញក្នុងរយៈពេលពី 90ថ្ងៃ ទៅ180 ថ្ងៃ ។ ក្រោយរយៈពេលកំណត់នេះ សកម្មភាពដាក់ទណ្ឌកម្មនឹងត្រូវអនុវត្តឡើងវិញ ។

ទន្ទឹមនឹងនេះដែរ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង និងទូលំទូលាយចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ ។

ការសម្រេចចិត្តរបស់ Trump ចាកចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ នឹងមហាអំណាចទាំង៦ រួមមាន ចក្រភពអង់គ្លេស, ចិន, បារាំង, អាល្លឺម៉ង់, រុស្ស៊ី និងសហរដ្ឋអាមេរិកនោះ បានបង្កឱ្យមានការព្រួយបារម្ភខ្លាំងជាសកល ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយដោយខុទ្ទកាល័យប្រធានាធិបតី Macron, មេដឹកនាំប្រទេសបារាំង, អាល្លឺម៉ង់ និងអង់គ្លេសបានសោកស្តាយ ចំពោះសេចក្តីសំរេចចិត្តរបស់សហរដ្ឋអាមេរិកបែបនេះ ។

លោក Macron, លោកស្រី Merkel និងលោកស្រី Theresa May បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តនៅក្នុងកិច្ចព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា “វាមានសារៈសំខាន់ ជាពិសេសចំពោះសន្តិសុខរួមរបស់យើងទាំងអស់គ្នា” ។

លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិកដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកាសចាកចេញរបស់លោក Trump គឺ “ជាការខុសឆ្គងខ្លាំងណាស់” និង “កំហុសធ្ងន់ធ្ងរ” ថែមទៀតផង ។

លោកអូបាម៉ា បានថ្លែងថា កិច្ចព្រមព្រៀង “JCPOA កំពុងធ្វើការ” ។ លោកបានបន្ថែមថា “នៅទីបំផុតសហរដ្ឋអាមេរិច អាចនឹងទុកចោលនូវជម្រើសចាញ់រវាងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ឬសង្រ្គាមមួយផ្សេងទៀតនៅមជ្ឈឹមបូព៌ា “ដោយគ្មានកិច្ចព្រមព្រៀង ។

សហភាពអឺរ៉ុបនឹងគោរពតាមកិច្ចព្រមព្រៀង JCPOA ។ នេះបើតាមការថ្លែងរបស់លោកស្រី Federica Mogherini ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ។ លោកស្រីបានបន្ថែមថា លោកស្រីមានការ “ព្រួយបារម្ភជាពិសេស” អំពីលទ្ធភាពនៃការសម្រេចចិត្តរបស់ Trump នាពេលនេះ ។

សម្រាប់ខ្លួនលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ឯណោះវិញ បានថ្លែងថា ប្រទេសរបស់លោក នៅតែប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងនេះដដែល ហើយថា លោកបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចាប់ផ្តើមការចរចាជាមួយដៃគូអឺរ៉ុប ប្រទេសចិន និងរុស្ស៊ីអំពីជោគវាសនានៃកិច្ចព្រមព្រៀងនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying) បានថ្លែងកាលពីថ្ងៃទី 27 ខែមេសាកន្លងមកថា ប្រទេសចិនរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងនៅតែរក្សាដដែល និងត្រូវបានចាត់ទុកជារឿងសំខាន់ថែមទៀតផង ។

ក្នុងកាលណោះលោកស្រីបានមានប្រសាសន៍ថា “ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសន្ទនា និងការសម្របសម្រួល” លើកិច្ចព្រមព្រៀងនោះ ។

ក្រុមអ្នកជំនាញមកពីសមាគមត្រួតពិនិត្យអាវុធដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ក៏បានថ្កោលទោសការសម្រេចចិត្តនេះផងដែរ ។ លោក Daryl G. Kimball នាយកប្រតិបត្តិរបស់សមាគមនេះបាននិយាយថា ការប្រកាសរបស់លោក Trump គឺជា “ទង្វើមិនត្រឹមត្រូវនៃគោលនយោបាយការបរទេស” និង “ការបោះបង់ចោលពីរដងនៃសហរដ្ឋអាមេរិក នៅក្នុងការប្តេជ្ញាចិត្ត។ ”

លោកបាននិយាយថា តាមរយៈសកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់គាត់ Trump កំពុងធ្វើឱ្យមានវិបត្តិរីកសាយភាយជាជាងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តការទូតរយៈពេលវែង ក្នុងគោលដៅកសាងកិច្ចព្រមព្រៀងនៅឆ្នាំខាងមុខ ។

លោក Darrell West ដែលជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings បានប្រាប់ស៊ីនហួថា “ហានិភ័យគឺការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ នឹងធ្វើឱ្យការប្រណាំងប្រជែងអំពីសព្វាវុធនៅតំបន់មជ្ឈឹមបូព៌ា” ។

លោកបាននិយាយថា អ៊ីរ៉ង់អាចចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហើយអាចធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតបង្កើតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរ ដោយឡែកតំបន់នេះ ទំនងជាប្រែប្រួល និងវិវឌ្ឍន៍ទៅរកភាពវឹកវរដោយសារតែលទ្ធផលនៃការលុបចោលកិច្ចព្រមព្រៀងនេះតែម្តង ៕ ថាច់ យ៉ាត


ចែករំលែក៖