ខេត្តកំពង់ឆ្នាំង៖ អាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាំយកទៅចែកជូនបណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធ និងបណ្ដាសាលាដែលឈរជើង នៅទិសយោធភូមិភាគពិសេស។
ពិធីនេះត្រូវបានធ្វើឡើងនៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចទាំងពីរ ជូនដល់កងកម្លាំង និងក្រុមគ្រួសារ ដោយទឹកចិត្តអាណិតស្រឡាញ់ និងការគិតគូរពីជីវភាពរបស់កងទ័ព ទើបសម្តេចផ្តល់អាវភ្លៀងជូនសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សានេះ។
នាយឧត្តមសេនីយ៍ គន់ គីម បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវគោរពដឹងគុណសម្តេច ត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កអសន្តិសុខជាតិ ការញុះញង់បំបែកបំបាកជាតិរបសក្រុមជនអគតិ។
ឆ្លើយតបនឹងការលើកឡើងរបស់ នាយឧត្តមសេនីយ៍ គន់ គីម កងកម្លាំងដែលកំពុងឈរជើងនៅទិសយោធភូមិភាគពិសេស បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែដោះស្រាយរាល់ការលំបាកជូនកងកម្លាំង ដូចជាផ្តល់ដី ផ្ទះសម្បែង ប្រាក់ហូបបន្ថែម តម្លើងប្រាក់ខែជូនជារៀងរាល់ឆ្នាំ ជាពិសេសខែភ្លៀងចែកអាវភ្លៀង ខែរងារចែកអាវរងារ។
កងកម្លាំងទាំងអស់ សូមប្តេជ្ញាចិត្តការពារសម្តេចតេជោ ហ៊ុន សែន ការពាររាជរដ្ឋាភិបាល រក្សាភាពសុខសាន្តជូនប្រទេសជាតិ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ង នាំប្រទេសជាតិទៅរកភាពអសន្តិសុខ និងចលនាក្រុមគ្រួសារឲ្យទៅបោះឆ្នោត និងបោះឆ្នោតជូនសម្តេចឲ្យបានគ្រប់ៗគ្នា៕