ខេត្តស្វាយរៀង៖ នៅព្រឹកមិញនេះ បន្ទាប់ពីសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន ៧១៤នាក់ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្ម នៃរោងចក្រតម្លើងរថយន្ត របស់ក្រុមហ៊ុន Daehan Auto Cambodia ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
រោងចក្រតម្លើងរថយន្តនេះ មានកម្មករសរុបចំនួន២៤៣ នាក់ ក្នុងនោះនារី មានចំនួន៤៣នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពតម្លើងរថយន្តផ្ទាល់របស់ខ្លួនសំរាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានជារថយន្តប្រភេទដឹកកម្មករ ដឹកទំនិញ និងប្រភេទរថយន្តផ្សេងៗទៀត។
កម្ពុជាពិតជាមោទនភាពណាស់ដែលមានរោងចក្រ តម្លើងរថយន្តនៅក្នុងស្រុកបែបនេះ ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាការផ្តល់ការងារដល់ពលរដ្ឋយើងផងដែរ។ អរគុណដល់ម្ចាស់រោងចក្រ និងក្មួយៗកម្មករ កម្មការនីទាំងអស់ដែលបានចូលរួមចំណែកជំរុញវិស័យឧស្សាហកម្មនេះ អោយកាន់តែរីកចម្រើនទៅមុខ៕