ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែធ្វើដំណើរ តាមរថយន្តតាកូម៉ា ក៏ត្រូវរថយន្តក្រឡាប់ធ្លាក់ចូលស្នាមភ្លោះ ដែលមានទឹកស្មើចង្កេះបណ្តាលឲ្យឈ្លក់ទឹកស្លាប់នៅក្នុងទឹកតែម្តង ។
ហេតុការណ៍ថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសស្រាល បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦២ ដែលលាតសន្ធឹងពីខេត្តកំពង់ធំ ទៅព្រះវិហារ ត្រង់ចំនុចភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២.៥នាទីកណ្តាលអាធ្រាតឈានចូលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។
លោក សាយ សុភ័ក្ក ជាតៃកុងឡានបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេត លោកបានធ្វើដំណើរ មានគ្នា៣នាក់ ជនរងគ្រោះដែលស្លាបជាប្អូនថ្លៃ ចេញពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ចាម ដោយបានបើកបររថយន្ត ប្រភេទតាកូម៉ា (ពណ៌ ស ) ពាក់ស្លាកលេខ កំពង់ចាម 2A-6307 លុះមកដល់ចំនុចកើតហេតុ ស្រាប់តែ បួងចង្កូតរថយន្តអត់មក បែរជារថយន្តប្រទាញទៅខាងឆ្វេង បណ្តាលឲ្យបុកដើមអាកាស្យា ហើយប្រឡាប់ចូលទឹកតែម្តង ក្រោយមកលោកបានព្យាយាមចេញពីក្នុងរថយន្តតាមកញ្ចក់ ហើយស្ទុះទៅជួយប្អូន ថ្លៃយកចេញពីក្នុងទឹកនៃនៅក្នុងរថយន្ត លុះយកចេញមកក្រៅក៏ស្រាប់តែជនរងគ្រោះបានដាច់ខ្យលស្លាប់បាត់ហើយ។
លោក សាយ សុភ័ក្ក បានឲ្យដឹងថា មុនពេលចេញដំណើរ លោកបានចូលផឹកស៊ីជាមួយមិត្តភ័ក្កបន្តិចបន្តួចតែអត់ស្រវឹងទេ ចំណែកជនរងគ្រោះឈ្មោះ ម៉ឹង ស៊ីវត្ថា អាយុជាង៣០ឆ្នាំមានប្រពន្ឋ នឹងកូនម្នាក់ មានមុខរបរជាគ្រូបង្រៀនថ្នាក់ទី១២ នៅវិទ្យាល័យខេត្តព្រះវិហារ រស់នៅក្បែររង្វង់មូលចាស់ ស្ថិតក្នុងឃុំត្បែងមានជ័យ ក្រុងវិហារ ខេត្តព្រះវិហារ ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃអធិការស្រុកកំពង់ស្វាយបាន ចុះមកពិនិត្យទីតាំងកើតហេតុ ហើយបានប្រគល់សាកសព ឲ្យសាច់ញាតិដឹកមកខេត្តព្រះវិហារ ទាំងយប់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី