ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់បានស្ទាក់វាយប្លន់យកម៉ូតូធុនធំពីបុរសម្នាក់កំពុងជិះបំណងទៅមើលបងប្អូនឈឺនៅមន្ទីរពេទ្យព្រះកេតុមាលា ត្រូវមិនបានសម្រេច កាលពីវេលាម៉ោង៣និង១៥នាទីយប់ ឈានចូលថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៨ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យព្រះកេតុមាលា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះនឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនFaerd ស្នាក់នៅផ្លូវ៣១០ សង្កាត់បឹងកេង១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកFS S ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១J-៨៣១៥ ចេញមកពីម្តុំសាលាហ្សាមេនទួលគោកក្នុង គោលបំណងទៅមើលបងប្អូនឈឺនៅមន្ទីរពេទ្យព្រះកេតុមាលា។ ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន៦នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយ គីឡេត ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ១CX-៦១១៧ និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយ គីនិច មិនចាំពណ៌មិនចាំស្លាកលេខ បានជិះមកជិត រួចធ្វើសកម្មភាពយកដុំថ្ម និងខ្សែក្រវ៉ាត់វាយម៉ូតូរបស់គាត់ប៉ុនប៉ងប្លន់យកម៉ូតូ។ ភ្លាមៗនោះរូបគាត់បានដកសោម៉ូតូចេញហើយរត់ទៅឲ្យសន្តិសុខ និងយោធាយាមនៅមុខមន្ទីរពេទ្យព្រះកេតុមាលាជួយ ប៉ុន្តែគ្មាននរណាហ៊ានជួយឡើយ ព្រោះគេនឹកស្មានថា ជារឿងក្មេងស្ទាវឈ្លោះគ្នា។ពេលឃើញដូច្នេះក្រុមជនសង្ស័យបានវាយបំផ្លាញម៉ូតូរបស់គាត់ រួចបានជិះម៉ូតូចេញទៅបាត់ ហើយបានមួយស្ទុះពួកគេបានជិះម៉ូតូបកត្រឡប់មកវិញរួចនាំគ្នាវាយម៉ូតូគាត់ម្តងទៀត បណ្តាលឱ្យម៉ូតូ រងការខូចខាត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌដូនពេញទៅដល់ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខាងតែបាន ៕ ប្រាថ្នា