ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូលដូណាល់ ត្រាំ-គីម ជុងអ៊ុនធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី

ចែករំលែក៖

លោកប្រធានាធិបតីអាមេរិក Donald Trump នឹងជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា។

លោកដូណាល់ ត្រាំ បានថ្លែងថា «យើងនឹងព្យាយាមធ្វើឱ្យក្លាយជាពេលវេលាពិសេសមួយសម្រាប់សន្តិភាពពិភពលោក» ។

នៅខែមីនា លោក Trump បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារលោកព្រមទទួលយកការអញ្ជើញមួយដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ដើម្បីកិច្ចចរចាមិនធ្លាប់មានពីមុនមក ។

មេដឹកនាំទាំងពីររូបនេះ កាលគ្រាកន្លងមក បានប្រើសម្តីប្រមាថកាតទាន និងគំរាមកំហែងគ្នាទៅវិញទៅមក។ ប៉ុន្តែទោះបីយ៉ាងណា ការសម្រេចបាននូវរបកគំហើញពេលនេះ ដោយសារតែជំនួបចរចាគ្នាជាប្រវត្តិសាស្ត្រ រវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូងផងដែរទេ។

ការប្រកាសរបស់លោក Trump បានធ្វើឡើងបែបនេះ ក្រោយលោកស្វាគមន៍អ្នកទោសជនជាតិអាមេរិកបីនាក់ ដែលកូរ៉េខាងជើងដោះលែងឲ្យមានសិរីភាព​ត្រឡប់មកស្រុកកំណើតវិញ ។

ការដោះលែងអ្នកទោសអាមេរិកទាំង៣នាក់នេះ ធ្វើឡើងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីរៀបចំព័ត៌មានលម្អិតស្តីអំពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ នឹងលោកគីម ជុងអ៊ុននោះ ។

សេតវិមានបាននិយាយថា ជនជាតិអាមេរិកទាំងបីនាក់ ដែលកូរ៉េខាងជើងដោះលែងនេះ ជាកាយវិការសុច្ឆន្ទៈមួយ នៅមុនកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដែលលោក ដូណាល់ ត្រាំ ធ្លាប់បានគិតថា ក្លាយជា “ជោគជ័យដ៏ធំធេង” ។

លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា “ខ្ញុំពិតជាគិតថា យើងមានឱកាសល្អនៅក្នុងការធ្វើអ្វីមួយ ដែលមានអត្ថន័យជ្រាលជ្រៅណាស់” ។

បញ្ហាសំខាន់ដែលរំពឹងថា នឹងត្រូវលើកយកមកពិភាក្សានោះ គឺកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន បានខ្វែងគំនិតគ្នាយ៉ាងខ្លាំងកាលពីឆ្នាំ២០១៧ ។

រដ្ឋកុម្មុយនិស្តកូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦លើក ចាប់តាំងពីឆ្នាំ២០០៦ ថ្វីបើមានការដាក់ទណ្ឌកម្មជាអន្តរជាតិក៏ដោយ ក៏ប្រទេសនេះនៅតែអះអាងថា ខ្លួនត្រូវការអាវុធ ដើម្បីការពារសន្តិសុខផ្ទាល់ខ្លួនផងដែរ។

សហរដ្ឋអាមេរិកចង់ឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធបរមាណូរបស់ខ្លួនទាំងស្រុង និងមិនអាចកែប្រែបានឡើយ។

មុនកិច្ចប្រជុំកំពូលជាមួយលោកដូណាល់ ត្រាំ, លោកគីម ជុងអ៊ុន បានសន្យាថា នឹងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប ហើយថែមទាំងបិទទីតាំងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរទៀតផង។

ប៉ុន្តែក្រុមអ្នកវិភាគបានព្រមានថា លោក គីម ជុងអ៊ុន ទំនងមិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលខំប្រឹងប្រែងយ៉ាងលំបាកទម្រាំទទួលបាននេះទេ ហើយថា “ការលុបបំបាត់អាវុធនុយក្លេអ៊ែរ”នោះ គឺមានការខុសគ្នាឆ្ងាយរវាង​ភាគីទាំងពីរ ។

ទីក្រុងព្យុងយ៉ាងនៅតែបន្តស្ងាត់ស្ងៀម មិនបញ្ជាក់គោលបំណងពិតប្រាកដដែលត្រូវលើកមកពិភាក្សានៅឯកិច្ចប្រជុំកំពូលនោះទេ ប៉ុន្តែបញ្ហាសំខាន់ៗរបស់កូរ៉េខាងជើង អាចរួមបញ្ចូលវត្តមានកម្លាំងយោធាអាម៉េរិក 30.000 នាក់ឈរជើងនៅកូរ៉េខាងត្បូង និងការដកទណ្ឌកម្មដែលកំពុងបង្អាក់សេដ្ឋកិច្ចនេះផងដែរ ។

នៅក្នុងជំនួបកំពូលមួយ កាលពីខែមេសា លោកគីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្ដេជ្ញាថា នឹងធ្វើការរួមគ្នា​ដើម្បីឧបទ្វីបគូរ៉េគ្មានអាវុធនុយក្លេអ៊ែរ បើទោះបីថា ជាមធ្យោបាយនៃការសម្រេចនេះ មិនត្រូវបានប្រាប់ឲ្យបានលម្អិត ហើយការសន្យាបែបនេះ កាលពីមុនមក ធ្លាប់ត្រូវបានគេបោះបង់ចោលក៏ដោយ ។

ប៉ុន្តែយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលរបស់មេដឹកនាំកូរ៉េខាងជើង ដែលឈានជើងចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥៣​នោះ ត្រូវបានគេកត់សម្គាល់ថា ជាព្រឹត្តិការប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េទាំងពីរ។

ប្រទេសសិង្ហបុរីដែលជាប្រទេសកោះតូចមួយ និងមានភាពរុងរឿងសម្បូរសប្បាយ ។ ប្រទេសនេះ ជាញឹកញាប់​ត្រូវបានជ្រើសរើសជាទីកន្លែង​សម្រាប់កិច្ចប្រជុំកំពូលៗនៃអ្នកការទូតជាន់ខ្ពស់ ។

កាលពីឆ្នាំ២០១៥មេដឹកនាំចិន និងមេដឹកនាំកោះតៃវ៉ាន់ ក៏បានធ្វើកិច្ចចរចាគ្នាជាប្រវត្តិសាស្ត្រផងដែរនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងបំផុតរបស់ពួកគេ ក្នុងរយៈពេលជាង៦០ឆ្នាំ ។

ប្រទេសសិង្ហបុរីត្រូវបានមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់អាមេរិកមើលឃើញថា ជាទីកន្លែងដែលល្អ និងអព្យាក្រឹត សម្រាប់កិច្ចចរចារវាងលោកដូណាល់ ត្រាំ នឹងលោកគីម ជុងអ៊ុន ។

សហរដ្ឋអាមេរិក និងសិង្ហបុរីមានទំនាក់ទំនងជិតស្និទ្ធ។ ប្រទេសសឹង្ហបូរីមានចំណងទាក់ទងការទូតជាមួយកូរ៉េខាងជើងដែរ ប៉ុន្តែបានផ្អាកការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុន នៅពេលដែលការដាក់ទណ្ឌកម្មអន្តរជាតិត្រូវបានរឹតបន្តឹងនោះ។

ទីតាំងផ្សេងទៀតដែលត្រូវបានគេពិចារណាសម្រាប់កិច្ចប្រជុំកំពូលដូណាល់ ត្រាំ-គីម ជុងអ៊ុន រួមមាននៅប្រទេសម៉ុងហ្គោលី និងតំបន់គ្មានយោធា(DMZ)ចែកខណ្ឌសីមាប្រទេសកូរ៉េទាំងពីរផងដែរ ៕ ថាច់ យ៉ាត


ចែករំលែក៖