ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អតីតតារាសម្តែងនិងចម្រៀងឡាយលក្ខិណាដែលបាត់មុខអស់ជាច្រើនឆ្នាំហើយបានបង្ហាញមុខជាថ្មីលើវេទីការតន្ត្រីនានាជាថ្មី។ការលេចមុខជាថ្មីនេះគឺនាងសម្រេចចិត្តវិលរកសិល្បៈស៊ប់ដែលមិនមែនត្រឹមតែជាការកម្សាន្តមួយឆាវទេ។
ឡាយ លក្ខិណាបានបាត់មុខពីឆាកតន្ត្រី១២ឆ្នាំដោយរស់ក្នុងជីវិតបែបសាមញ្ញដោយមិនដែលខ្វល់ខ្វាយពីការចូលសិល្បៈទេប៉ុន្តែដោយសារមានការសំណូមពរនិងជំរុញលើកទឹកចិត្តពីអ្នកសិល្បៈតារាស្រីល្បីឈ្មោះរូបនេះសម្រេចចិត្តឡើងជាន់ឆាកតន្ត្រីជាថ្មី។ឡើងជាថ្មីនេះនាងក៏គ្រោងនឹងវាយលុកទីផ្សារការងារសិល្បៈគ្រប់យ៉ាងមួយទំហឹងផងដែរ។តារាស្រីរូបនេះថ្លែងថានាងពិតជារីករាយដែលដែលទស្សនិកជនមិនភ្លេចរូបនាងហើយបានបន្តគាំទ្រនិងលើកទឹកចិត្តនាងជាថ្មីដែរ។
នាងទទួលបានឱកាសជាច្រើនពីផលិតករ ដែលធ្លាប់បានដឹងពីសមត្ថភាពទាំងច្រៀងនិងសម្តែង នាងក៏បានលេចមុខច្រៀងក្នុងកម្មវិធីតូចធំនានាជាច្រើនបូករួមទាំងកម្មវិធីច្រៀងក្នុងពិធីជប់លៀងនិងមង្គលការនានា ដូចជាក្នុងក្រុម Dara Entertainment របស់លោកយ៉ែម សំអូនជាដើម។ ថ្មីៗនេះនាងក៏ទទួលថតភាពយន្តភាគថ្មីមួយរបស់ផលិតកម្មហង្សមាស ដែលនាងនឹងសម្តែងរួមជាមួយ កញ្ញា មាន សូនីតា និងលោក ណាខុនផងដែរ។
ឡាយ លក្ខិណា នៅតែរក្សាបានរូបសម្រស់ស្រស់សោភាដដែល ដែលមិនជ្រេតាមវ័យនោះដែរ។ នាងនៅតែទទួលបានការចាប់អារម្មណ៍ពីបុរសមួយចំនួនប៉ុន្តែនាងធ្លាប់បានលើកឡើងថាមិនទាន់សម្រេចចិត្តទទួលយកបុរសណានៅឡើយព្រោះតែចង់មើលចិត្តគ្នាឲ្យបានយូរជៀសវាងខកបំណងជាលើកទី២៕ វឌ្ឍនា