ព័ត៌មានទាន់ហេតុការណ៍៖

ប្រញាប់មកផ្ទះជិះម៉ូតូល្បឿនលឿនបុកម៉ូតូស្របគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកស្របទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះកាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាចនៅចំណុចលើផ្លូវជាតិលេខ០១ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ។

បើតាមកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថាម៉ូតូបង្កហេតុម៉ាក ហុងដាឌ្រីមសេរីឆ្នាំ២០១៧ ពណ៌ ក្រហម ពាក់ស្លាក​លេខស្វាយរៀង​១E ៣៧៥៧ ដោយបើកបរដោយឈ្មោះ ឃ្លោក បូណា អាយុ​ ២៩ឆ្នាំមុខរបរ​ កសិករ រស់នៅភូមិព្រៃទប់​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត។

ចំណែកជនរងគ្រោះជិះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក​លេខស្វាយរៀង១L-៨៥៧៦ បើកបរដោយឈ្មោះ ម៉ម​ អាន អាយុ៦៤ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្នរស់នៅភូមិឫស្សីអម ឃុំ​ខ្សែត្រ​ ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេរីឆ្នាំ២០១៧ ពណ៌ ក្រហម ពាក់ស្លាក​លេខស្វាយរៀង​១E ៣៧៥៧ បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរពីលិចមកកើតលើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿនស្រាប់តែទៅបុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក​លេខស្វាយរៀង១L-៨៥៧៦ពីចំហៀងខាងក្រោយក្នុងទិសដៅស្របគ្នាពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលទាំងមនុស្ស និងម៉ូតូខ្ទាតបោកក្បាលនឹងថ្នល់តែម្ដង។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៏ និងយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងព្រមទាំងធ្វើកំណត់ហេតុវាស់វែង និងអូសមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប បណ្ដោះអាសន្នដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖