ខេត្តបាត់ដំបង ៖ ដីព្រៃលិចទឹករាប់សិបហិចតា ដែលស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ជាតំបន់ហាមឃាត់ ក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងរងការឈូសឆាយ រុករានធ្វើកម្មសិទ្ធ យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ បានត្រឹមតែចុះពិនិត្យមើលមិនមានវិធានការច្បាប់ម្តងជាពីរដង។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ អភិបាលស្រុកថ្មគោល ក្រោយពីទទួលបានព័ត៌មាន ស្តីពីការឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣ ដែលស្ថិតក្នុងភូមិសាស្ត្រលោកគ្រប់គ្រង បានចាត់ឲ្យលោក ហីង ប៊ុនឋាន អភិបាលរងស្រុកថ្មគោល ដឹកនាំកំលាំងយោធាសឹករងស្រុក ៤នាក់ ចុះទប់ស្កាត់សកម្មភាព ឈូសឆាយដីព្រៃលិចទឹកតំបន់៣ ស្ថិតនៅខាងត្បូងអាងទីពី ក្នុងភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកំពុងឈូសឆាយរួចរាល់ថ្មីៗ ប្រមាណជា៥ហិចតា លើផ្ទៃដីដែលបានឈូសឆាយរួចជាស្រេចជាង៤០ហិចតា ។
ក្នុងការចុះនេះអាជ្ញាធរ និងសមត្ថកិច្ចមិនបានទប់ស្កាត់ និងបង្ក្រាបទេ ដោយគ្រាន់តែបានត្រឹមតែមើល និងនិយាយថា មិនអាចឃាត់បានទេ ដោយសារតែ ត្រាក់ទ័រ និងគ្រឿងចក្រ ដែលឈូសឆាយ បានដឹងខ្លួនមុន សមត្ថកិច្ចចុះទៅដល់ រត់ឡើងលើផ្លូវអស់ ។ សកម្មភាពចុះទៅនេះមិនខុសពីសកម្មចុះទៅលើកមុន ទោះបីជាបានឃើញបទល្មើសជាក់ស្តែង ដែលកំពុង ឈូស និងរានព្រៃ ក៏មិនបានបង្ក្រាប ឬ ចាប់អ្នកប្រព្រឹត្ត និងគ្រឿងចក្រ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ឡើយ ។
តាមការស្រាវជ្រាវការរានដីព្រៃលិចទឹកខាងលើ ត្រូវបានអ្នកមានលុយ និងមានអំណាច ធ្វើសកម្មភាពបន្តបន្ទាប់ រយៈពេលជាងមួយឆ្នាំមកហើយ តាំងពីឆ្នាំ២០១៧ លើផ្ទៃដីដែលបាន ឈូស ឆាយរួចថ្មីៗ ប្រមាណជាង៤០ហិចតា ស្ថិតខាងត្បូងអាងទី២ ។ ក្រៅពីការរានដីព្រៃលិចទឹកខាងលើនៅមានសកម្មភាពបិទអាងដើម្បីស្តុបទឹក ដែលរាជរដ្ឋាភិបាលបានប្រកាសអោយបើកអាងខាងលើ និងបានដករំកិលបង្គោលព្រំដីតំបន់៣ថែមទៀត។
ក្រុមដែលកំពុងធ្វើសកម្មភាពនេះរួមមាន ឈ្មោះ១.ប៉ង លឿន ២. មឿន ធាង ៣. ហន ហួត ៤. ហ៊ន ហូន ៥. ផាន់ ម៉ាន់ អ្នកទាំងអស់រស់នៅឃុំប៉ោយតាសេក ស្រុកថ្មគោល។
ក្រុមខាងលើនេះ ត្រូវបានអាជ្ញាធរស្រុកថ្មគោលចុះទប់ស្កាត់ជាច្រើនលើកមកហើយដោយខ្លះបានទាំងធ្វើកិច្ចសន្យាបញ្ឈប់ តែនៅតែប្រព្រឹត្តដដែល ។
ជុំវិញការចុះទប់ស្កាត់របស់អាជ្ញាធរ និងសមត្ថកិច្ចខាងលើ ដោយមិនបានចាត់ការទៅតាមនីតិវិធីច្បាប់ ត្រូវបានមហាជនរិះគន់ និងចោទប្រកាន់ថា ប្រហែលជាមានការត្រូវរ៉ូវគ្នា រវាងអាជ្ញាធរ និងជនល្មើស ដែលកំពុងឈូសឆាយដីព្រៃខាងលើ ទើបជនទាំងនោះ នៅតែបន្តការរានដីព្រៃ បានយ៉ាងរលូន ។ នៅពេលដែលសមត្ថកិច្ចចុះម្តង ៗ តែងត្រូវបែកការធ្វើឲ្យគ្រឿងចក្រឈូសឆាយដីព្រៃទាំងនោះ ឈប់ធ្វើសកម្មភាព ។
បច្ចុប្បន្នតាមការឃើញជាក់ស្តែង មានគ្រឿងចក្រធុនធំៗ ជាច្រើនដូចជាត្រាក់ទ័រ អេសស្កា ម៉ាស៊ីនច្រូតកែច្នៃ មានទាំងប្រដាប់ឈូសព្រៃ និងវ៉ៃព្រៃ ជាច្រើនគ្រឿង ស្ថិតនៅក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ បានយ៉ាងងាយ និងធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ។
ឆ្លើយតប នឹងការចោទប្រកាន់ខាងលើលោក គិម វណ្ណះ អភិបាលស្រុកថ្មគោល បានឲ្យដឹងថា ចំពោះបទល្មើសរានដីព្រៃក្នុងតំបន់៣ខាងលើ លោក បានចាត់ឲ្យលោកអភិបាលរងចុះទៅ តែត្រូវបែកធ្លាយ មិនអាចបង្ក្រាបបាន ដោយសារជនខិលខូច មានបណ្ដាញ និងផ្លូវទៅកាត់វាស្រែវាមានផ្លូវលំ ហើយគ្រឿងចក្រ ទាំងអស់ ចល័តចេញពីកន្លែងកើតហេតុ បាត់អស់ ។
លោក ថា ព័ត៌មានផ្ដល់មក ពិតជាមានការឈូសឆាយកន្លែងតំបន់៣ថ្មីមែន និងការចល័តគ្រឿងចក្រចេញក៏ថ្មីៗដែរ ដ៏ពេលកម្លាំងចុះទៅឃើញគ្រឿងចក្រមែន តែគ្រឿងចក្រចល័ត ចេញអស់ តើកម្លាំងរបស់យើងទៅចាប់របស់គេយ៉ាងមិច…? បើអត់ជាក់ស្ដែងផង មិនដឹងគ្រឿងចក្រណាមួយ ។
ជុំវិញបញ្ហានេះដែរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា លោកទទួលស្គាល់ថារយៈពេល២ទៅ៣ថ្ងៃមុនមានករណីកាប់ទន្រ្ទានដីព្រៃលិចទឹក ក្នុងតំបន់ខាងលើនោះមែន បញ្ហានេះអាជ្ញាធរស្រុកថ្មគោល ក៏ដូចជាមន្រ្តីជំនាញហើយក្រុមខិលខូចបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញានោះហើយ៕ សំ វិច្ឆិកា