ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រាស្រវឹងបានឈ្លោះប្រកែកជាមួយប្រពន្ធខ្លួនឯង រហូតទ្រាំពុំបានឈានដល់យកកាំបិតកាប់ទៅលើស្រ្ដីជាប្រពន្ធចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំដេរចំនួន៣ថ្នេរ ។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្រ្ដីនគរបាល ស្រុកលើកដែកបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ភ័ណ្ឌ ឌីណា ហៅរីណា អាយុ១៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរកសិករ (របួសត្រង់ក្បាលដេរ៣ថ្នេរ) រីឯជនសង្ស័យឈ្មោះ សាត សុភ័ក្ត អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានកណ្ដៀវដងដែក ចំនួន១ និងកូនកាំបិតកញ្ចែតចំនួន១ផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្ដីឈ្មោះ សាត សុភ័ក្ត បានទៅផឹកស្រាស្រវឹងនៅផ្ទះបងជីដូនមួយឈ្មោះ ចាន់ ធី ដែលនៅជិតគ្នា ។ លុះផឹកមួយសន្ទុះជនសង្ស័យមានសភាពស្រវឹងស្រៀងៗក៏បានទាញបារីមកជក់ ឃើញដូច្នេះស្រ្ដីរងគ្រោះជាប្រពន្ធបានខឹងនឹងជនសង្ស័យ រួចក៏ដើរមកផ្ទះ ខណៈនោះជនសង្ស័យក៏ដើរមកតាមក្រោយដែរ រួចនិយាយទៅកាន់ប្រពន្ធថា ប្រមូលខោអាវដាក់លើម៉ូតូទៅ ស្រ្ដីរងគ្រោះឮដូច្នោះក៏បានយកខោអាវដាក់លើម៉ូតូ ។ ចំណែកឯជនសង្ស័យវិញឃើញប្រពន្ធយកខោអាវដាក់លើម៉ូតូក៏បានស្រែកថា: បើហ៊ានជិះម៉ូតូចេញ និងកាប់ម៉ូតូឲ្យខ្ទេច ខណៈនោះក៏បង្កបានទាស់ពាក្យទាស់សម្ដីគ្នា រហូតជនសង្ស័យទ្រាំពុំបានក៏ស្ទុះទៅយកកណ្ដៀវទៅកាប់ក្បាលប្រពន្ធ បណ្ដាលឲ្យរបួសត្រង់ក្បាល ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជិតខាងមកជួយឃាត់ និងយកស្រ្ដីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យក្អមសំណរ ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនយកមកអធិការដ្ឋាននគរបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ