ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដដោយល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្ដមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្ន បានបើកបុកពីក្រោយពេញមួយទំហឹង នៅវេលាម៉ោង៧ និង៤៥នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិ៨ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាល ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា រថយន្ដបង្កម៉ាក សាំងយ៉ុង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R- 6501 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ(រត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង) ។ ចំណែកជនរងគ្រោះជាអ្នកជិះម៉ូតូឈ្មោះ ឆាយ ឆន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រាចខោល ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់បាត់បង់ជីវិត) ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខកំពង់ចាម 1R-3713 រូមដំណើរជាមួយស្រ្ដីម្នាក់ជាប្រពន្ធឈ្មោះ ដួង សុភក្តិ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិ/ ឃុំជាមួយគ្នា (របួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២ជាប្ដីប្រពន្ធជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងបើកក្នុងល្បឿនលឿន ដោយពុំមានការប្រុងប្រយ័ត្ននោះទេ ដែលធ្វើដំណើរស្របទិសគ្នា បានបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាប្ដីស្លាប់នៅកន្លែងកើតហេតុ រីឯស្រ្ដីជាប្រពន្ធទទួលរងបួសធ្ងន់ ។ ចំណែកអ្នកបើករថយន្ដបង្កបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯមធ្យោបាយ ពាក់ព័ន្ធទាំង២គ្រឿងត្រូវសមត្ថកិច្ចចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖