ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាកើនឡើងនៅកាហ្សាស្លាប់និងរបួសជាង១៧០នាក់

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែឧសភា មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានប្រកាសឲ្យដឹងថា កម្លាំងទាហានអីុស្រាអែល បានបាញ់ សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងរង របួសដល់ទៅ១៧០នាក់ នៅតំបន់កាហ្សា ក្នុងពេលដែលបាតុកម្ម ប្រឆាំងនៅទីនោះឈានចូលដល់សប្តាហ៍ទី៧ហើយ។

ដូច្នេះចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សារវាងបាតុករប៉ាឡេស្ទីន នឹងកម្លាំងទាហានអីុស្រាអែលបានកើនឡើងដល់ទៅ៤៤ នាក់ និងរបួសរាប់ពាន់នាក់ ក្នុងនោះមាន កុមារជិត៧០០នាក់ ។

អ្នកដឹកនាំបាតុកម្ម ដែលមានឈ្មោះថា Great March of Return បានឲ្យដឹងថា នឹងមានពលរដ្ឋនៅកាហ្សា រាប់សិបពាន់ នាក់ចូលរួមនៅក្នុងមហាបាតុកម្មនៅតាមព្រំដែនអីុស្រាអែល និងតំបន់កាហ្សា នា ប៉ុន្មានថ្ងៃខាងមុខនេះ។

តាមគម្រោង បាតុកម្មនឹងឈានដល់ កម្រិតខ្ពស់បំផុតនៅថ្ងៃទី១៥ ខែឧសភា ខាងមុខដែលជាថ្ងៃពលរដ្ឋប៉ាឡេស្ទីន ហៅថា Nakba ឬ Catastrophe (គ្រោះ អាសន្ន) ជាពេលវេលាដែលពលរដ្ឋប៉ាឡេស្ទីនរាប់រយពាន់នាក់ ត្រូវចាកចេញពីផ្ទះសម្បែងនៅអីុស្រាអែល កាលពីឆ្នាំ១៩៤៨។

បាតុកម្មនៅកាហ្សា បានកើតឡើងតាំង ពីថ្ងៃទី៣០ ខែមីនា ដោយមានពលរដ្ឋប៉ាឡេស្ទីនរាប់សិបពាន់នាក់ចូលរួមដង្ហែក្បួនព្យុហយាត្រា នៅតាមបណ្តោយព្រំដែន ជាប់អីុស្រាអែល។ ក្រុមបាតុករទាមទារ សិទ្ធិវិលត្រឡប់ទៅកាន់ស្រុកកំណើតភូមិឋានរបស់ខ្លួនវិញ ដែលត្រូវអីុស្រាអែល បណ្តេញចេញពេលបង្កើតប្រទេសអីុស្រាអែលនៅឆ្នាំ១៩៤៨។

សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់ទាហានអីុស្រាអែលដែលបានប្រើប្រាស់គ្រាប់ពិតបាញ់ទៅលើក្រុមបាតុករ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres និងសហគមន៍អឺរ៉ុប បានអំពាវនាវ ឲ្យមានការស្រាវជ្រាវដោយឯករាជ្យពីស្ថានភាព ដែលបានកើតឡើងនៅព្រំដែន ។ ប៉ុន្តែ អីុស្រាអែលបានច្រានចោលសំណើខាង លើ។

ការដង្ហែក្បួនព្យុហយាត្រា កើតឡើង ក្នុងពេលដែលដំណើរការស្វែងរកសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា ត្រូវជាប់គាំងជាច្រើនឆ្នាំកន្លងមក ។ មិនតែប៉ុណ្ណោះស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងថែមទៀតដោយសារតែ អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ។ ក្រៅ ពីនេះនៅមានការប្រឈមមុខដាក់គ្នារវាងអីុស្រាអែលនឹងអីុរ៉ង់ ដោយមានការបាញ់ មីស៊ីល ទៅលើទីតាំងគ្នាទៅវិញទៅមក បង្កឲ្យមានការព្រួយបារម្ភពីសង្គ្រាមកើតឡើង រវាងអីុស្រាអែលនឹងអីុរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖