ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើងនឹងរួចផុតពីភាពក្រីក្រ ក្រោយពីទទួលបានសន្តិភាព

ចែករំលែក៖

នៅពេលនេះកូរ៉េខាងជើង កំពុងតែធ្វើ ការដោះដូរ បោះបង់អាវុធបរមាណូដើម្បី ទទួលបាននូវសន្តិភាព គឺសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេលជិត៧០ឆ្នាំកន្លងមក ហើយទាំងនោះក៏ជាការចង់បានរបស់ពលរដ្ឋដើម្បី ជួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។

ប្រទេសជាច្រើននៅក្នុងតំបន់ ក្នុងនោះ មានទាំងកូរ៉េខាងត្បូង ចិន និងជប៉ុន សុទ្ធ តែជាមហាអំណាចសេដ្ឋកិច្ច បានសន្យា ជួយដល់កូរ៉េខាងជើងលើវិស័យសេដ្ឋកិច្ច។ នៅពេលនេះដែរ សហរដ្ឋអាមេរិកក៏បានសន្យាជួយកសាងសេដ្ឋកិច្ចកូរ៉េខាងជើង ឲ្យកាន់តែខ្លាំងក្លា នៅពេលកូរ៉េខាងជើងបោះបង់អាវុធបរមាណូទាំងស្រុងនោះ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនាពេលកន្លងមក រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយកសាងសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញ បើសិនជារបបដឹកនាំ ទីក្រុងព្យុងយ៉ាងយល់ព្រមរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

លោក ប៉ុមប៉េអូ ធ្វើការសន្យាបែបនេះ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅសហ រដ្ឋអាមេរិក)។ ថ្លែងនាឱកាសនោះ លោក រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងដូច្នេះថា «បើសិនជាកូរ៉េខាងជើងយល់ ព្រមរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយកូរ៉េខាងជើង សំដៅសម្រេចឱ្យបាននូវភាពរីកចម្រើនប្រសើរ ដូចកូរ៉េខាងត្បូង»។ ប៉ុន្តែទន្ទឹមគ្នានេះ លោក ប៉ុមប៉េអូ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង រហូតដល់កូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបប្រជុំជា មួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងជំនួបជាប្រវត្តិសាស្ត្រមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ៕ ម៉ែវ សាធី


ចែករំលែក៖