ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបនីសាន់ បុកគ្នាជាមួយរថយន្តកាមរីបាឡែននៅផ្លូវបែកជាបួនយ៉ាងពេញទំហឹងប៊ិះធ្លាក់លូទឹកស្អុយបឹកត្របែក

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបនីសាន់ FRONTIER បានបុកគ្នាជាមួយរថយន្តកាមរីបាឡែន នៅផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តនីសាន់ប៊ិះ និងធ្លាក់ចូលប្រឡាយទឹកស្អុយបឹងត្របែកផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១០៥ កែងនឹងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាឲ្យដឹងថា នៅពេលកើតហេតុ រថយន្តទាំង២គ្រឿងខាងលើ ដោយមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-7260 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន និងរថយន្តមួយគ្រឿងទៀតម៉ាក នីសាន់FRONTIER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-1219 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងមកត្បូង(ទិសដៅកែងគ្នា)ក្នុងល្បឿនលឿនដូចគ្នា ហើយ ក៏បានបុកប្រឆិតមុខគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីបាឡែនដោយទៅតាមផ្លូវរបស់រថយន្តនីសាន់ប្រហែល៥០ម៉ែត្រ ចំណែករថយន្តនីសាន់បិុស និងធ្លាក់ប្រឡាយទឹកស្អុយបឹងត្របែក តែមានបង្កាន់ដៃដែកទប់ជាប់ ។ ដោយរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា ។

ក្រោយកើតហេតុ ភាគីរថយន្តទាំង២ បានចរចាគ្នា និងយកត្រូវរៀងៗខ្លួនរយះពេលជាងមួយម៉ោង រហូតមានសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌចំការមនចុះមកវាស់វែង ទើបភាគីរថយន្តទាំង២ សម្រេចយករថយន្តទៅជួសជុលរៀងៗខ្លួន ដោយមិនចង់រំខានដល់សមត្ថកិច្ចឡើយ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖