ប៉ោយប៉ែត៖ ស្ត្រីចំណាស់ម្នាក់ ត្រូវក្មេងៗប្រទះឃើញលង់ទឹកស្លាប់ក្នុងស្នាមភ្លោះផ្លូវលំមួយកន្លែង ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបង្កភ្ញាក់ផ្អើលនៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
ជនរងគ្រោះឈ្មោះគឹម ហួយ អាយុ៦៤ឆ្នាំ មានទីលំនៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះត្រូវបានក្មេងៗដែលដើរលេងតាមផ្លូវប្រទះឃើញលង់ទឹកស្លាប់សង្ស័យគាត់ដើររអិលជើងធ្លាក់ទឹក។
សាក្សីឈ្មោះ ធូ សឿន ភេទស្រី អាយុ៦៤ឆ្នាំ ដែលរស់នៅក្បែរកន្លែងកើតហេតុនិយាយថា ជនរងគ្រោះបានធ្វើដំណើរមកពីឃុំកកោះ ស្រុកមោងឫស្សី ហើយបានសុំស្នាក់នៅផ្ទះរបស់គាត់១យប់ ដើម្បីចង់ជួបកូនស្រីដែលធ្វើការនៅឯប្រទេសថៃ។
ស្ត្រីខាងលើបន្តថា កាលពីព្រឹក មុនពេលកើតហេតុមួយថ្ងៃនោះ ក៏មានបុរសជាកូនប្រសារស្ត្រីរងគ្រោះបានស្កាត់ពីថៃមកខ្មែរ ចូលផ្ទះគាត់ដូចគ្នាដោយនិយាយថា គេទៅជួបម្តាយក្មេកនៅឯឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីយកសៀវភៅគ្រួសារធ្វើលិខិតឆ្លងដែន ដឹងអីដំណើរម្តាយក្មេកកូនប្រសាជ្រួសគ្នា ហើយពេលនេះ មិនទាន់បានជួបគ្នាផង ម្តាយក្មេកលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅធ្វើកំណត់ហេតុហើយខាងអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានយករថយន្តដឹកសពទៅតម្កល់នៅវត្តសូរិយារាមហៅវត្តថ្មីដើម្បីរង់ចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា